(ភ្នំពេញ)៖ ដោយមើលឃើញថាបច្ចុប្បន្ននេះ ស្ថានភាពអាកាសធាតុ នៅខេត្តតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា កំពុងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗដែលអាច បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងប្រជានេសាទទាំងអស់ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ សម្រាប់ការដឹកជញ្ជូនតាមនាវានៅតំបន់ឆ្នេរ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះបានឱ្យដឹងថា កន្លងមក មានម្ចាស់ទូកមួយចំនួនតូចពុំបានចូលរួមអនុវត្ត ទៅតាមការណែនាំរបស់សមត្ថកិច្ចស្តីពី បញ្ហាអាកាសធាតុឡើយ ដូច្នេះក្រសួងសូមធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបវា នាវិក និងប្រជានេសាទទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដោយបំពាក់ឧបករណ៍ សុវត្ថិភាព ឲ្យបាន គ្រប់គ្រាន់ទៅតាមចំនួនអ្នកដំណើរដែលមានដូចជា អាវពោង ពោងកង ពោងសង្គ្រោះ ខ្សែពួរ។

ត្រូវតាមដានលើបញ្ហាប្រែប្រួលអាកាសធាតុនេះឲ្យបានគ្រប់គ្រាន់ ដោយមិនត្រូវចេញទៅឆ្ងាយពីច្រាំនៅពេលមានរលកធំៗ និងមានអាកាសធាតុមិនល្អឡើយ ដើម្បីចៀស វាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ព្រមទាំងចូលរួមអនុវត្តឲ្យបានល្អទៅតាមការផ្សព្វផ្សាយ ឬការណែនាំរបស់សមត្ថកិច្ចស្តីពី បញ្ហាអាកាសធាតុនេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖