(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីអនុវត្តគម្រោង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះដល់ការដ្ឋានចំនួន ៣ទីតាំង ក្នុងនោះនៅស្ថានីយអាងបូមទឹក ក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត, ទីកន្លែងទីលានថ្មី សម្រាប់ចាក់សំរាមនៅក្នុងភូមិថ្មី ឃុំថ្មី ក្នុងស្រុកទឹកឈូ និងអាងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ ស្ថិតនៅភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ។

ក្នុងកិច្ចការចុះពិនិត្យនោះ លោកអភិបាលខេត្ត បានលើកឡើងថា រាល់បញ្ហាការដោះស្រាយ គឺគ្មានអ្វីពិបាកទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបការងារដោះស្រាយសម្រេចបានជាលទ្ធផល។ ដូច្នេះ ពាក់ព័ន្ធនឹងបញ្ហាសំណូមពរ បញ្ហាប្រឈម និងការដោះស្រាយ គឺលោកអភិបាលខេត្តបានណែនាំដល់ជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យមានកិច្ចសហការគ្នាឱ្យបានជាប្រចាំ ជាមួយមន្រ្តីអនុវត្តគម្រោងពិសេសពន្លឿនកិច្ចពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ ក្នុងនោះក៏ស្នើឱ្យមន្ទីររៀបចំដែនដី ពន្លឿនការរៀបចំឯកសារប្លង់ដីកម្មសិទ្ធិ របស់រដ្ឋឱ្យបានជាក់លាក់ ដែលពាក់ព័ន្ធនឹងការអនុវត្តគម្រោង ដើម្បីងាយស្រួលឱ្យមន្ត្រីអនុវត្តគំរោងពន្លឿនការអនុវត្តបានសម្រេចលទ្ធផលឆាប់រហ័ស។

ទន្ទឹមគ្នានេះ លោក ជាវ តាយ ក៏បានសម្ដែងក្ដីសង្ឃឹមថា នៅពេលខាងមុខគម្រោងនេះសម្រេចជាស្ថាពរហើយ អាចឆ្លើយតបបានការកាត់បន្ថយក្ដីបារម្ភកង្វល់ពីអាជ្ញាធរខេត្ត ក្រុង ក៏ដូចជាប្រជាពលរដ្ឋ ពីបញ្ហានៃការជន់លិចក្រុងនៅពេលភ្លៀងមកម្ដងៗ និងអាចធ្វើឱ្យអនាម័យបរិស្ថានបានល្អ ក្នុងក្រុងកំពតថែមទៀតផង។

សូមរំលឹកថា គម្រោងនេះ បានចាប់អនុវត្តតាំងពីខែតុលា ឆ្នាំ២០១៩ ប៉ុន្តែបច្ចុប្បន្នអនុវត្តទើបបានប្រមាណជិត ៣០ភាគរយប៉ុណ្ណោះ ដោយហេតុផលជួបបញ្ហាប្រឈមមួយចំនួនធ្វើឱ្យមានការយឺតយ៉ាវ។ ក្នុងនោះមានប្រព័ន្ធប្រមូល និងអាងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ ស្ថានីយបូមទឹកកខ្វក់ចំនួន២ បំពង់មេបញ្ជូនទឹកកខ្វក់មានប្រវែងជាង ៧គីឡូម៉ែត្រ បំពង់បញ្ជូនទឹកកខ្វក់ប្រវែងជាង ៩គីឡូម៉ែត្រ បំពង់ដែលត្រូវភ្ជាប់បណ្ដាញទឹកកខ្វក់តាមខ្នងផ្ទះប្រវែងជាង ១២គីឡូម៉ែត្រ ចំនួនខ្នងផ្ទះដែលត្រូវភ្ជាប់បណ្ដាញមាន ២០០០ខ្នង និងប្រព័ន្ធដោះទឹកភ្លៀង មានប្រវែងជិត ៨គីឡូម៉ែត្រ។ ដោយឡែកកញ្ចប់គម្រោងមួយទៀត គឺទីលានចាក់សំរាមដែលមានទំហំផ្ទៃដីប្រមាណ ១០ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូខេត្តកំពត។

បច្ចុប្បន្ននេះ គម្រោងខាងលើ បាននឹងកំពុងដំណើរការអនុវត្តនូវគម្រោង ដែលផ្ដល់សិទ្ធអាទិភាព ពីរាជរដ្ឋាភិបាលកម្ពុជា គឺអនុគម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ និងប្រព័ន្ធលូដោះទឹកភ្លៀង ដែលជាគម្រោងអភិវឌ្ឍក្រុងរបៀងនៃមហាអនុតំបន់មេគង្គ ដែលប្រើប្រាស់ឥណទានរបស់ ADB ជិត ១០លានដុល្លា មានរយៈពេលសាងសង់៣ឆ្នាំ។ ប៉ុន្តែគម្រោងនេះនៅមិនទាន់សម្រេចជាលទ្ធផលបាននៅឡើយទេ ដោយកន្លងមកជួបបញ្ហាប្រឈមមួយចំនួន ដូច្នេះហើយ ទើបលោកអភិបាលខេត្ត ចុះពិនិត្យដោះស្រាយ ដើម្បីជំរុញឱ្យគម្រោងនេះឱ្យសម្រេចបានឆាប់រហ័សតាមផែនការគ្រោងទុក៕