(ស្វាយរៀង)៖ ស្របពេលដែលស្ថានភាពជំងឺកូវីដកំពុងរីករាលដាលតាមសហគមន៍នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមានការរឹតបន្តឹងការចេញចូលនៅតាមព្រំដែនយ៉ាងខ្លាំង។

ពាក់ព័ន្ធទៅនឹងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្តស្វាយរៀង បានរឹតបន្តឹងតាមច្រកព្រំដែនជាមួយប្រទេសវៀតណាម ក្នុងនោះបានអនុញ្ញាតឲ្យទំនិញទាំងអស់ចេញចូលតាមច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត និងច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ហើយក៏មានការអនុញ្ញាតឲ្យចេញទំនិញតាមច្រកទ្វារទ្វេភាគីបុសមន ស្រុករំដួលផងដែរ។

ពាក់ព័ន្ធនឹងការចរាចរណ៍ទំនិញនៅតាមច្រកទ្វារទ្វេភាគីបុសមននេះ ក្រុមអ្នករកស៊ីបានត្អូញត្អែរថា ការដឹកទំនិញតាមច្រកព្រំដែនបុសមននេះ មានសមត្ថកិច្ចពាក់ព័ន្ធដាក់គោលដៅដូចខ្យងឈរចាំយកលុយពីអ្នកបើករថយន្តដឹកទំនិញតូចធំ និងម៉ូតូរ៉ឺម៉កមិនដឹងថាមកពីស្ថាបន័ណាខ្លះនោះទេ គឺចាប់ពីច្រកទ្វារព្រំដែនបុសមនមកដល់កែងផ្លូវជាតិលេខ១៣ មាន៤ទៅ៥កន្លែង ហើយមហាជនមានការព្រួយបារម្ភ ខ្លាចចម្លងមេរោគកូវីដ១៩ មកសហគមន៍ ប្រសិនបើអ្នកទាំងនោះ មិនបានអនុវត្តតាមវិធានការណ៍ការពារ ឬអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សមត្ថកិច្ចនៅច្រកទ្វារទ្វេភាគីបុសមន បានបង្ហើបឲ្យដឹងថា ច្រកទ្វារទ្វេរភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀងអនុញ្ញាតឲ្យមានដឹកទំនិញចេញចូលពីប្រទេសវៀតណាមធម្មតា ដោយតម្រូវឲ្យសមត្ថកិច្ចអនុវត្តតាមវិធាន របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ គឺមានមន្ត្រីធ្វើចត្តាឡីស័កជាប្រចាំ មនុស្សចេញចូលត្រូវវាស់កំដៅ បាញ់អាល់កុល ពាក់ម៉ាស់ និងបាញ់សំអាតរថយន្ត។

តាមប្រភពនានាដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាន ច្រកទ្វាព្រំដែនទ្វេភាគីបុសមន មានផែស្ងួតសម្រាប់ផ្ទេរទំនិញនាំចូលពីប្រទេសវៀតណាម រួមមាន៖ ពូក តុ កៅអី ទូ ដែកក្រឡាក្រួច សម្ភារ គ្រឿងជ័រ សំបកម៉ូតូ បន្លែផ្លែឈើ បន្លែនាំចូលមាន ស្ពៃក្តោប ស្ពៃបូកគោ ផ្កាខាត់ណា ការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម ផ្លែឈើមាន ប៉ោម សារី មៀន ក្រូច និងដូង។ ទំនិញនាំចូលពីប្រទេសវៀតណាម ជាមធ្យមក្នុងមួយថ្ងៃ ចាប់ពី ៣៦គ្រឿងទៅ ៥០គ្រឿង ក្នុងនោះបន្លែផ្លែឈើមាន ២០ទៅ២៥គ្រឿង ក្នុងមួយថ្ងៃ ដឹកទៅលក់នៅរាជធានីភ្នំពេញ និងមានចែកចាយក្នុងខេត្តស្វាយរៀងព្រៃវែងផងដែរ។

លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងថា ការដាក់កុងត្រូលជជុះតាមផ្លូវពីព្រំដែនទ្វេភាគីបុសមននេះ គឺពុំមានទេកាលពីមុន ពោលមានតែនគរបាលចរាចរខ្លះដែរ តែឥឡូវមិនមែនទៀតទេគឺមានច្រើនស្ថាប័នមិនដឹងមកពីខាងណានោះឡើយ។

ទាក់ទិនការនាំបន្លែផ្លែឈើពីប្រទេសវៀតណាមនេះដែរ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ហៅកាត់ថា ក.ប.ប បានឲ្យដឹងថា បញ្ហាការនាំទំនិញ បន្លែ ផ្លែឈើ និងផលិតផលចំណីអាហារដែលនាំចូលពីប្រទេសជិតខាង គឺពិបាកគ្រប់គ្រងដោយ សមត្ថកិច្ចរបស់ ក.ប.ប គ្មានសិទ្ធិក្នុងការចុះត្រួតពិត្យទំនិញនៅតាមច្រកទ្វារព្រំដែនទេ ពោលមានសិទ្ធិតែពិនិត្យទំនិញ ដែលចូលមកខាងក្នុង ឬតាមបណ្តាផ្សារនានាក្នុងខេត្តតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា មន្ត្រីជំនាញលោក នឹងសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធក្នុងការឃាត់រថយន្តដឹកទំនិញទាំងនោះ ដើម្បីធ្វើតេស្តរកសារធាតុគីមីនៅពេលខាងមុខនេះ។ បើគ្មានការត្រួតពិនិត្យនោះទេទំនិញមានដូចជា ខ្ទឹមស ឈ្មួញដឹកជញ្ជូនផ្លូវឆ្ងាយ គេតែងតែដាក់ថ្នាំ រក្សាទុកឲ្យបានយូ ការពារកុំឲ្យខ្ទឹមឆាប់ខូច ដូច្នេះធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ គឺប៉ះពាល់ ក្រពះពោះវៀន ចុះខ្សោយនិងរលាកធ្ងន់ធ្ងរ។ ដូច្នេះចាំបាច់ត្រូវការត្រួតពិនិត្យ ព្រោះសុវត្ថិភាពសុខភាពសាធារណៈសំខាន់ណាស់ ត្រូវតែការពារទប់ស្កាត់ និងបង្ក្រាបទំនិញដែលមានសារធាតុគីមី ការពារអ្នកប្រើប្រាស់។

ទោះបីយ៉ាងណា ក្រុមអ្នករកស៊ីបានសំណូមពរទៅអាជ្ញាធរខេត្តស្វាយរៀង សូមមានការត្រួតពិនិត្យនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមននេះផង ចំពោះការដាក់កុងត្រូលជជុះតាមផ្លូវដែលនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងសូ មជួយពិនិត្យមើលការអនុវត្តរបស់មេគយច្រកទ្វារទ្វេភាគីបុសមននេះផង ព្រោះក្រុមឈ្មួញបានត្អូញត្អែរខ្លាំង ណាស់អំពីការយកលុយដឹកតាមម៉ូតូ ម៉ូតូសណ្តោងរឺម៉ក រថយន្តតូចៗដោយខ្លះថាអត់ចេញវិក័យបត្របង់ពន្ធឲ្យពួកគាត់។

ពាក់ព័ន្ធទៅនឹងករណីនេះដែរភ្នាក់ងារ Fresh News មិនអាចរកការបំភ្លឺពីមន្ត្រីច្រកទ្វារព្រំដែនទ្វេភាគីបុសមនបានទេនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ៕