(ពោធិ៍សាត់)៖ ដោយសារតែអំណាចថ្នាំញៀន កូនតិរច្ឆានម្នាក់បានដាច់ចិត្តវាយក្បាលម្តាយបង្កើតខ្លួនឯងនឹងអង្រែរហូតដល់ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖៤០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នគរបាលបានឱ្យដឹងថា ជនបង្ករឈ្មោះ យឹម ស៊ីម៉ិច អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ សង្កាត់ កើតហេតុខាងលើ បានយកអង្រែប្រវែង ០.២៥សង់ទីម៉ែត្រ ទៅវាយលើម្ដាយបង្កើតឈ្មោះ ចាន់ គឹមហេង ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅជាមួយគ្នា ចំក្បាលបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយជនសង្ស័យបានព្យាយាមគេចខ្លួន។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាជួយសង្គ្រោះជនរងគ្រោះដែរ តែជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ នៅពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

ក្រោយធ្វើសកម្មភាពជនសង្ស័យ (កូនតិរិច្ឆាន) បានព្យាយាមរត់គេចខ្លួន ដោយបានរត់ស្ទាក់រថយន្តគេឡើងជិះ រួចលោតពីលើរថយន្តបណ្ដាលឱ្យបែកក្បាល និងត្រូវបាន កម្លាំងប្រជាការពារភូមិ និងកម្លាំងនគរបាលប៉ុស្ដិ៍រលាប ធ្វើការឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ចែងតាមនីតិវិធី។

ដោយឡែកជនរងគ្រោះ(ជាម្តាយ) ត្រូវបានបងប្អូនញាតិមិត្ត រៀបចំធ្វើបុណ្យតាមប្រពៃណី៕