(ឧត្តរមានជ័យ)៖ លទ្ធផល នៃការធ្វើតេស្ដលើកទី២ លើមនុស្សចំនួន៤៤នាក់ ដែលភាគច្រើនជាមន្ត្រីពន្ធនាគារខេត្ត មន្ត្រីកងរាជអាវុធហត្ថខេត្ត មន្ត្រីនគរបាលខេត្តនិងមន្ត្រីយោធា នៅខេត្តឧត្តរមានជ័យបង្ហាញថា «អវិជ្ជមាន» ជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងយ៉ាងដូច្នេះថា «តាមការបញ្ជាក់របស់នាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា៖មនុស្សចំនួន៤៤នាក់នៅក្នុងខេត្តឧត្តរមានជ័យ ដែលបានធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើ ដោយអវិជ្ជមានទាំងអស់»។

លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ទៀតថា បើទោះបីជាលទ្ធផលលើកទី២ អវិជ្ជមានជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែមនុស្សទាំង ៤៤នាក់ ដែលភាគច្រើនជាមន្ត្រីរាជការ នៅតែធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលជាបន្តទៀត។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យទាំងអស់ បន្តប្រុងប្រយត្ន័ជានិច្ចការពារខ្លួន និងក្រុមគ្រួសារកុំអោយឆ្លងជំងឺកូវីដ១៩ ដែលវិធានការត្រូវអនុវត្តន៍ជាចម្បងនោះ គឺត្រូវអនុវត្តន៍អោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកថា ទោះបីនៅខេត្តឧត្តរមានជ័យមិនមាននណាម្នាក់កើតជំងឺកូវីដ១៩ ក៏ពិតមែន ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺឆ្លងខេត្ត ក្រុមការងារមន្ទីរសុខាភិបាលខេត្ត នៅតែបន្តការត្រួតពិនិត្យដោយប្រុងប្រយត្ន័ជានិច្ច ទៅលើអ្នកដំណើរចេញចូល ក៏ដូចជាពលករចេញចូលឆ្លងកាត់នៅតាមច្រកព្រំដែនផងដែរ៕