(ភ្នំពេញ)៖ ដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំ និងយកចិត្តទុកដាក់ ដោយផ្ទាល់ពីសំណាក់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានដឹកនាំក្រុមការងារ នៃរដ្ឋបាលខណ្ឌបឹងកេងកង ដោយចុះទៅសហការជាមួយ ខាងគណៈកម្មាធិការផ្សារអូឡាំពិក បន្តយុទ្ធនាការចុះចែកម៉ាសជូនដល់បងប្អូនប្រជាជន នៅសង្កាត់អូឡាំពិក និងបងប្អូនអាជីវករ នៅក្នុងបរិវេណផ្សារ និងនៅជុំវិញបរិវេណផ្សារអូឡាំពិកទាំងមូល។

ខណៈនោះដែរ លោកស្រី ស៊ិន រតនា ក៏បានស្នើដល់បងប្អូនប្រជាជនទូទៅ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ និងបងប្អូនអាជីវករផ្សារអូឡាំពិក ត្រូវចូលរួមធ្វើអនាម័យខ្លួនប្រាណឲ្យស្អាតជានិច្ច ហើយត្រូវពាក់ម៉ាសការពារ លាងដៃដោយទឹកអាកុល ឬជែលនិងត្រូវរក្សាគន្លាតសុវត្ថិភាព ឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

លោកស្រីអភិបាលរងខណ្ឌបឹងកេងកង បានបន្តទៀតថា ទោះបីមមាញឹកការងារនៅខាងក្រៅសាលាខណ្ឌ ជារៀងរាល់យប់ថ្ងៃនេះក្ដី ក៏នៅរដ្ឋបាលខណ្ឌបឹងកេងកង ផ្ទាល់ដោយរួមមាន គណៈអភិបាលខណ្ឌ, អភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងមន្ត្រីរាជការ ទាំងអស់ បាននិងកំពុងចាត់ចែងវិធានការបង្ការ ទប់ស្កាត់ ដោយតម្រូវឲ្យមន្ត្រីក្នុងខណ្ឌទាំងអស់ ធ្វើការវាស់កម្ដៅ បាញ់អាល់កុលលាងដៃ និងពាក់ម៉ាសការពារជាប្រចាំ ដើម្បីរង់ចាំទទួល ការផ្ដល់សេវាជូនដល់ប្រជាជន ដែលពួកគាត់មកទទួលសេវាផ្សេងៗ ឬអញ្ជើញមកជួបពិភាក្សាពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ នៅរដ្ឋបាលខណ្ឌបឹងកេងកង និងបន្តចុះចែកខិតប័ណ្ណ និងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយស្ដីពីវិធានការបង្ការការពារជំងឺកូវីដ១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល នៅតាមគោលដៅនិមួយៗ ដែលបានកំណត់ពោល គឺនៅជុំវិញនិងបរិវេណផ្សារអូឡាំពិក, សង្កាត់អូឡាំពិកនៅថ្ងៃនេះ។

ដូចនេះជាការសំណូមពរ របស់រដ្ឋបាលខណ្ឌបឹងកេងកង ដោយសូមស្នើដល់បងប្អូនប្រជាជនទាំងអស់, អាជីវករផ្សារ និងអ្នកដំណើរតាមមធ្យោបាយនានា ព្រមទាំងអ្នកបម្រើការងារនៅសាលាខណ្ឌ សាលាសង្កាត់ទាំង០៧ និងតាមផ្សារលក់ដូរអីវ៉ាន់ មេត្តាចូលរួមថែរក្សាអនាម័យ ខ្លួនប្រាណឲ្យបានស្អាតត្រឹមត្រូវជានិច្ច ដោយប្រើប្រាស់ទឹកអាកុលឬ ជែល និងពាក់ម៉ាសការពារឲ្យបានត្រឹមត្រូវ និងជាប្រចាំ ហើយត្រូវរក្សាគម្លាតយ៉ាងតិច១.៥០ម៉ែត្រពីគ្នា ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕