(កំពង់ឆ្នាំង)៖ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅក្នុងព្រឹត្តិការ សហគមន៍ ២៨ វិច្ឆិកា សម្រាប់ខេត្តកំពង់ឆ្នាំង មានអ្នកប៉ះពាល់ប្រយោល និងដោយផ្ទាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន៦៨នាក់ ក្នុងនោះមន្ទីរបានយកសំណាកទៅធ្វើតេស្ត ចំនួន៤៧នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។

ដោយឡែក អ្នកប៉ះពាល់ទាំង៦៨នាក់ខាងលើនេះ មន្ទីរសុខាភិបាលបានឱ្យចត្តាឡីស័កនៅមន្ទីរពេទ្យខេត្តចំនួន២នាក់ ដែលប៉ះពាល់ដោយផ្ទាល់។ ចំណែក៦៦នាក់ទៀត បានឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ប៉ុន្តែក៏មានការ តាមដានពីមន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។

ជាមួយគ្នានេះដែរ អ្នកអវិជ្ជមានទាំងអស់ខាងលើនេះ ក៏ត្រូវតែធ្វើតេស្តជាលើកទី២ម្ដងទៀត នៅ១៣ថ្ងៃក្រោយនៃការធ្វើតេស្ដលើកទី១។ សម្រាប់របាយការណ៍សរុបនៅក្នុងឆ្នាំ២០២០នេះ អ្នកប៉ះពាល់កូវីដ-១៩ នៅ ក្នុងខេត្តកំពង់ឆ្នាំង សរុបមានចំនួន៦៥៤នាក់ លទ្ធផលគឺវិជ្ជមានចំនួន៣នាក់ តែត្រូវបានព្យាបាលជាសះស្បើយផងដែរ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឲ្យដឹងទៀតថា ចំពោះវិធានការក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨ វិច្ឆិកា មន្ទីរសុខាភិបាល បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគចល័ត នៅតាមទីផ្សារ និងនៅតាមមន្ទីរចំនួន៥កន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរគ្រប់ស្រុក ក្រុង និងមន្ទីរ ពេទ្យបង្អែកនៅតាមស្រុកក៏បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគគ្រប់ទីផ្សារធំៗនៅក្នុងស្រុកផងដែរ ដើម្បីទប់ស្កាត់និងការពារការរីករាល ដាលជម្ងឺឆ្លងដ៏កាចសាហាវមួយនេះមកដល់សហគមន៍។

លោក ប្រាក់ វ៉ុន ក៏បានសំណូមពរផងដែរ ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានជនបទ ទោះជានៅក្នុងខេត្តកំពង់ឆ្នាំង មកដល់បច្ចុប្បន្ននេះពុំមានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក៏ដោយ សូមប្រជាពលរដ្ឋបន្តចូលរួម រក្សាអនាម័យ ការពារជំងឺកូវីដ-១៩ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងដៃជាមួយសាប៊ូ និងអាកុល ហើយត្រូវពាក់ម៉ាសជាប់ជានិច្ចនៅពេលចូលទៅកាន់ទីកន្លែងដែលមានមនុស្សច្រើន ដោយត្រូវរក្សាគម្លាត ពីគ្នាឱ្យបានយ៉ាងតិច ១.៥ម៉ែត្រ ទើបយើងអាចការពារ ជំងឺកូវីដ-១៩ មិនឲ្យរាលដាលឆ្លងចូលមកក្នុងសហគមន៍យើងបាន។

លោក ប្រាក់ វ៉ុន បានបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង អ្នកទាំង៤នាក់ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា រួមមាន៖

១៖ ស្ត្រីចំណាស់ម្នាក់ ជាយាយបង្កើតរបស់លោក ស្រៀន គឹមស្រ៊ុន ដែលជានិស្សិតច្បាប់ ត្រូវបានប្រកាសនៅថ្ងៃទី៨ ខែធ្នូថា ឆ្លងជំងឺកូវីដ១៩
២៖ ក្មេងស្រីម្នាក់ ជាចៅស្រីស្ត្រីចំណាស់ខាងលើ និងជាប្អូនបង្កើតរបស់លោក ស្រៀន គឹមស្រ៊ុន
៣៖ អត់រត់តាក់ស៉ីម្នាក់ បានឌុបស្ត្រីចំណាស់ និងក្មេងស្រីខាងលើ
៤៖ ប្រពន្ធអ្នករត់តាក់ស៉ីខាងលើ។

ជាការកត់សម្គាល់ យាយ និងចៅស្រីចំនួន២នាក់ បានទៅរាជធានីភ្នំពេញ ដើម្បីទៅលេងចៅឈ្មោះ ស្រៀន គឹមស្រ៊ុន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គឺមុនពេលចៅប្រុសគាត់ត្រូវបានប្រកាសថា ឆ្លងជំងឺកូវីដ១៩។ ក្រោយពីទទួលបានព័ត៌មាននេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បាននាំយកយាយ និងចៅស្រី មកធ្វើចតាឡីសក័ដាក់ក្នុងមន្ទីរពេទ្យខេត្ត ព្រមទាំងបានយកសំណាករបស់គាត់ទាំងពីរនាក់ ទៅពិនិត្យផងដែរ តែលទ្ធផលនៅមិនទាន់ដឹងនៅឡើយទេ។

ជាមួយគ្នានេះ អ្នករត់តាក់ស៉ីម្នាក់ និងប្រពន្ធគាត់ ក៏ជាប់ពាក់ព័ន្ធករណីសង្ស័យខាងលើដែរ ដោយសារពួកគាត់បានឌុប ស្ត្រីចំណាស់ និងចៅស្រីខាងលើ។ អ្នករត់តាក់ស៉ី និងប្រពន្ធអ្នករត់តាក់ស៉ី ក៏ត្រូវបានយកសំណាកទៅពិនិត្យ និងឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះផងដែរ។ តែក្រោយទទួលលទ្ធផលធ្វើតេស្តបានបង្ហាញថា ពួកគាត់មិនមានជំងឺកូវីដនោះឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង កុំឲ្យមានការភ័យស្លន់ស្លោ និងព្រួយបារម្ភខ្លាំង តែត្រូវបន្តអុវត្តវិធានការរបស់ក្រសួងសុខាភិបាល៕