(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ អធិការនគរបាល មេបញ្ជាការរង កម្លាំងប្រជាការពារខណ្ឌ ចុះធ្វើរដ្ឋបាលនៅសួនមុខវត្តបុទមវតី ដែលយុវជនប្រុសស្រី ផឹកស៉ីឡូឡា ពេញសួន (អាចចាត់ទុកថាជាក្មេងទំនើង)។

ការចុះណែនាំក្រុមយុវជន-យុវនារី ដែលដើរលេង និងជួបជុំលក្ខណៈប្រមូលផ្តុំ ដើម្បីឲ្យពួកគេចូលរួមការពារកូវីដ១៩ ហើយសកម្មភាពនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១៖០០នាទីយប់ ។

លោកអភិបាលខណ្ឌ បានណែនាំដល់ប្អូនៗទាំងនោះ ឲ្យចូលរួមទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺកូវីដ១៩ ដោយការប្រមូលផ្តុំនេះ មានផលប៉ះពាល់ដល់បំរាមរបស់ក្រសួងសុខាភិបាល ដែលហាមការជួបជុំគ្នាមិនឲ្យលើសពី ២០នាក់។ លោកបន្តថា កន្លងមកមានការផឹកស៉ីពាសវាលពាសកាល បែបអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

រដ្ឋបាលខណ្ឌដូនពេញ ក៏សំណូមពរដល់យុវជន-យុវនារី ដែលតែងតែកម្សាន្ត លំហែអារម្មណ៍ស្ទើរមួយយប់ទល់ភ្លឺ ត្រូវសម្រាកនៅគេហដ្ឋាន ដើម្បីកុំឲ្យមានហានិភ័យ ពីការរីករាលដាលនៃជំងឺកូវីដ១៩៕