(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុន ធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ករណីពុលស្រានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅក្នុងស្រុកទឹកផុស បានបង្កឲ្យមានមនុស្សស្លាប់សរុបចំនួន៨នាក់។

ក្នុងករណីនេះដែរ គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានចុះបិទទីតាំង ផលិតស្រាសរុបចំនួន៥១៧កន្លែង និងបិតកន្លែងលក់ស្រាចំនួន១១១៥ កន្លែង។ ក្នុងនោះដែរ បានឃាត់ខ្លួនអ្នកបិតស្រា និងលក់ស្រាចំនួនជាង១០នាក់ និងមនុស្សចំនួន៦នាក់ បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ ការបន្តតាមនីតិវិធី។

សមត្ថកិច្ចបានដកហូតស្រាចំនួន៣៨៩៥ លីត្រ និង៥៣២កានកន្លះ មេស្រាស៧៥លីត្រ មេដំបែមួយកញ្ចប់ និងមេស្រាកាច់កន្លះលីត្រ។ ក្នុងនោះដែរសមត្ថកិច្ច ក៏បានកម្ទេចចោលអង្ករកាវសំរាប់បិតស្រាចំនួន២១ខាប់ និង២១ធុងប៉េត្រូផងដែរ។

លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីប្រតិបត្តិការដកហូតស្រាខាងលើនេះ ក្រុមសមត្ថកិច្ចជំនាញបានរកឃើញថា នៅក្នុងស្រា.ស ស្រាថ្នាំមានជាតិមេតាណុលខ្ពស់គឺ១៤.១៥ភាគរយ ដែលជាធម្មតា គឺគេអនុញ្ញាតឲ្យមានកម្រិតតែ០៥.១០ ភាគរយតែប៉ុណ្ណោះ។ ហេតុនេះហើយទើបអ្នកហូបស្រា នៅក្នុងស្រុកទឹកផុស បានពុលស្រា១៣១នាក់ ក្នុងនោះមានមនុស្សចំនួន៨នាក់ បានស្លាប់។

ចំពោះវិធានការបន្ត គឺអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជំនាញ មិនអនុញ្ញាតឲ្យមានការផលិតស្រាបែបអាណាធិបតេយ្យទៀតទេ។ រីឯអ្នកផលិតស្រាត្រូវ តែមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងក៏ត្រូវផលិតស្រាទៅតាមបច្ចេកទេស ដែលជំនាញបានកំណត់។ ដោយឡែកចំពោះស្រាសស្រាថ្នាំ និងមេស្រា ដែលសមត្ថកិច្ច បានដកហូត អាជ្ញាធរខេត្ត និងសមត្ថកិច្ចស្នើសុំទៅតុលាការ ដើម្បីដុតកម្ទេចចោលនៅថ្ងៃខាងមុខនេះ៕