(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងមន្ត្រីជំនាញក្រសួងបរិស្ថាន បានចុះល្បាត បង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសទន្ទ្រានដីរដ្ឋដោយខុសច្បាប់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

ក្នុងប្រតិបត្តិការចុះល្បាត បង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នោះ បានធ្វើឡើងនៅចំណុចតំបន់ភ្នំប្រើស (និយាមការ០២៩៦៩៦៦-១៣៨៣០៧៦, ០២៩៦១៨២-១៣៨៥៥៩១, ០២៩៤៧២៤-១៣៨១៥៦៩) ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានដកហូតរណាយន្តចំនួន ៩គ្រឿង ម៉ូទ័រឆក់ត្រីចំនួន ២គ្រឿង និងកាំភ្លើងច្នៃចំនួន ១ដើម។

សូមបញ្ជាក់ថា ការបង្ក្រាបនោះដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថស្នាក់ការល្បាតរវៀង សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) កម្លាំងអនុគណកម្មការថ្នាក់ខេត្តពោធិ៍សាត់ និងកម្លាំងមន្ត្រីជំនាញរបស់ក្រសួងបរិស្ថានផងដែរ។

ក្រោយចាប់បានសម្ភារបំផ្លាញធនធានធម្មជាតិទាំងនោះ សមត្ថកិច្ចបានយកទៅទុកដាក់នៅស្នាក់ការល្បាតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីស៊ើបអង្កេត តាមរកជនល្មើសយកទៅផ្តន្ទាទោសតាមច្បាប់៕