(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

សារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយ សូមថ្លែងនូវអំណរសាទរប្រកបដោយអភិវន្ទនកិច្ចដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៦ ឈានចូល៦៧ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០»

ខ្ញុំសូមកោតសរសើរចំពោះវីរភាពដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុនៃការងារមនុស្សធម៌។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជា និងជាអ្នកដឹកនាំស្ត្រីដ៏ឆ្នើមមួយរូប ហើយក៏បានដើរតួនាទីយ៉ាងសំខាន់ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេចក្តីថ្លៃថ្នូរ កិត្តិយស តួនាទីរបស់ស្ត្រី នៅក្នុងសង្គមកាន់តែទូលំទូលាយ ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់រហូតធ្វើឱ្យកិត្យានុភាពកាកបាទក្រហមកម្ពុជា ទទួលបាននូវការគាំទ្រយ៉ាងក្លៀវក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ខ្ញុំ និងភរិយា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច មានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាសារលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖