(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាសុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី «សភាកសិឧស្សាហកម្មកម្ពុជា» ធ្វើយ៉ាងណាឲ្យសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈសុគតភាព ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពី គ្រប់ភាគីពាក់ព័ន្ធសំដៅបម្រើផលប្រយោជន៍ដ៏ជាក់លាក់ ដល់ក្រុមហ៊ុន, សមាគម, សហគ្រិន, សហព័ន្ធសហភាព, សហគមន៍កសិកម្ម។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាតយល់ព្រម ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឲ្យបង្កើត «សភាកសិឧស្សាហកម្មនៃ ព្រះរាជាណាចក្រកម្ពុជា»

សេចក្តីព្រាងច្បាប់នេះ អាចចាត់ទុកបានថា ជាវិធានការគន្លឹះ និងចាំបាច់មួយ សម្រាប់ដោះស្រាយ បញ្ហាប្រឈមឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមទស្សនវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានដាក់ចេញកន្លងមក ហើយពិតណាស់យន្តការដោះស្រាយបញ្ហានេះ សមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលសមាជិកសភាកសិឧស្សាហកម្ម ត្រូវច្បាមយកកាលានុវត្តភាពនេះ ធ្វើជាឱកាសមាស សម្រាប់ធ្វើការអភិវឌ្ឍខ្សែច្រវ៉ាក់ ផលិតកម្មកសិកម្ម ការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើន បង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារកសិករ និងទ្រទ្រង់ខឿងសេដ្ឋកិច្ចជាតិ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានវត្តមានតំណាងឲ្យក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាអនុប្រធាន សភាពាណិជ្ជកម្ម, ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកឧកញ៉ា, អ្នកឧកញ៉ា ជានាយកក្រុមហ៊ុន, សមាគម, សហគ្រិន, សហព័ន្ធ, សហភាពសហគមន៍ ដែលប្រតិបត្តិការលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕