(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បន្តផ្តល់សម្ភារបរិក្ខារពេទ្យទៅកាន់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីត១៩។

ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារចំនួន៤ រួមមាន៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច(EDCF) – Korea Eximbank និងមូលនិធិសហប្រតិបត្តិការរវាងកូរ៉េ និងអាស៊ាន(ASEAN-Korea Cooperation Fund)។

ការផ្តល់ជំនួយនេះមានគោលបំណងជួយទប់ស្កាត់ជំងឺកូវីត១៩ ដើម្បីធានាសុវត្តិភាពដល់ប្រទេស ដ៏ដូចជាដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះរីករាលដាល។ សំភារៈដែលត្រូវបានផ្តល់ជូនតាមរយៈទីភ្នាក់ KOICA មានដូចជាទូសម្រាប់យកសំណាកមេរោគកូវីដ១៩ ចំនួន ២០គ្រឿង គ្រែសែងអ្នកជំងឺកូវីដ១៩ ចំនួន ១២គ្រឿង។

បន្ថែមពីលើនេះទូសម្រាប់យកសំណាកមេរោគកូវីដ១៩ ចំនួន៥ផ្សេងទៀត ត្រូវបានផ្តល់ជូនតាមរយៈកិច្ចសហប្រតិបត្តិការរវាងមូលនិធិ KOFIH និងមូលនិធី EDCF ខណៈម៉ាស៊ីនកាំរស្មី X ចល័តចំនួន ២គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិតអ្នកជំងឺ ចំនួន ៣គ្រឿង ឧបករណ៍សម្លាប់មេរោគចំនួន ៤គ្រឿង ត្រូវបានផ្តល់ជូនតាមរយៈមូលនិធិ KOFIH។ ក្រៅពីនោះសម្ភារដើម្បីតេស្តរកមេរោគកូវីដ១៩ ចំនួន២៣,០០០ ម៉ាស៊ីន RT PCR Machine & Nucleic acid extractors ចំនួន២គ្រឿង និងឧបករណ៍ការពារខ្លួនចំនួន ៣០០សម្រាប់ ត្រូវបានផ្តល់ជូនតាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន។

ពិធីប្រគល់ និងទទួល ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកអគ្គរាជទូតសាធារណៈរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា លោក Park Heung-Kyeong, នាយកទីភ្នាក់ងារកយការប្រចាំប្រទេសកម្ពុជាលោក Rho Hyun-Jun និង នាយកមូលនិធិ KOFIHប្រចាំប្រទេសកម្ពុជា Dr. Kim Sang-Gyeun ព្រមទាំងនាយកមូលនិធិ EDCF-Korea Eximbank កញ្ញា Lee Hye-Kyung រួមជាមួយនិងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង។ ពិធីនេះបានធ្វើឡើងនៅឃ្លាំងឱសថរបស់ក្រសួងសុខាភិបាល។

លោកឯកអគ្គរាជទូតសាធារណៈរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា សាធារណៈរដ្ឋកូរ៉េ បាននិងកំពុងពួតដៃជាមួយប្រទេសកម្ពុជា ដើម្បីប្រយុត្តិប្រឆាំងជំងឺកូវីត១៩ តាមរយៈសកម្មភាពនានាជាច្រើន ដូចជាកម្មវិធីរបស់ទីភ្នាក់ងារ KOICA ដែលមានឈ្មោះថា របៀបវារៈសម្រាប់ការសាងភាពប្រសើរឡើងវិញប្រឆាំងកូវីដ១៩ តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ព្រមទាំងសកម្មភាពនានាផ្សេងទៀតរបស់មូលនិធិ KOFIH មូលនិធិEDCF-Korea Eximbank និង មូលនិធិសហប្រតិបត្តិការរវាងកូរ៉េ និងអាស៊ាន(ASEAN-Korea Cooperation Fund)។

លោកបានបន្ថែមទៀតថា វិស័យសុខាភិបាល គឺជាសរសេរស្តម្ភមួយនៃយុត្តិសាស្រ្តភាពជាដៃគូររបស់សាធារណៈកូរ៉េប្រចាំប្រទេសកម្ពុជា។

បច្ចុប្បន្ននេះកយការកំពុងតែអនុវត្តគម្រោងសំខាន់ៗមួយចំនួនដូចជា ១៖ គម្រោងពងឹ្រងគុណភាព និងលើកកម្ពស់សមធមសេវ៉ាសុខាភិបាល, ២៖ គម្រោងកសាងសមត្តិភាពមជ្ឈមណ្ឌល់ត្រចៀក ច្រមុះ បំពង់កក្នុងមន្ទីពេទ្យព្រះអង្គឌួង, ៣៖ គម្រោងពង្រឹងសុខភាពមាតានិងទារកក្នុងតំបន់ភាគឥសាននៃប្រទេសកម្ពុជា និងទី៤៖ គម្រោងពង្រឹងប្រពន្ធ័សុខាភិបាលដើម្បីបង្កា ស្វែងរក និងឆ្លើយតបចំពោះជំងឺឆ្លង។

ជាមួយគ្នានេះមូលនិធិ Korea Eximbank បានផ្តល់ថវិកាប្រមាណជា ៦៦.៦លានដុល្លារ ដែលជាកម្ចីសម្បទានពីមូលនិធិ EDCF ដើម្បីសាងសង់មន្ទីរពេទ្យសម្រាប់ការបណ្តុះបណ្តាលថ្មីមួយ ចំពោះសកលវិទ្យាល័យសុខាភិបាល (UHS)។ គម្រោងនេះបច្ចុប្បន្នកំពុងតែជ្រើសរើសក្រុមហ៊ុនព្រឹក្សាយោបល់។ នាឆ្នាំនេះ Korea Eximbank ក៏បានផ្តល់ទឹកប្រាក់ប្រមាណជា ៥០លានដុល្លារទៅកាន់រដ្ឋាភិបាលដើម្បីប្រយុត្តិប្រឆាំងជំងឺកូវិដ១៩។

មូលនិធិ KOFIH ក៏បានកំពុងអនុវត្តន៏គម្រោងការថែទាំសុខភាពមាតានិងទារកក្នុងខេត្តបាត់ដំបង ពោសាត់ និងប៉ៃលិន។ ម្យ៉ាងទៀត មូលនិធិសហប្រតិបត្តិការរវាងកូរ៉េ និងអាស៊ាន(ASEAN-Korea Cooperation Fund) ក៏កំពុងអនុវត្តន៏គម្រោងមួយចំនួនដែលផ្តោតលើការប្រយុត្តិប្រឆាំងជំងឺកូវីដ១៩។

លោក ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះសាធារណៈរដ្ឋកូរ៉េ ដែលតែងតែផ្តល់ជំនួយទាន់ពេល ហើយចំតម្រូវការរបស់ប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ទូយកសំណាកមេរោគកូវីដ១៩ និង គ្រែសែងអ្នកជំងឺកូវីដ១៩ ក៏ដូចជាសំភារៈនានាដែលទទួលបាននាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ហើយវាជាអ្វីដែលប្រទេសកម្ពុជាកំពុងតែត្រូវការនាពេលបច្ចុប្បន្ននេះ។

លោកសង្កត់ធ្ងន់ថា នេះមិនមែនជាលើកទី១នោះទេដែលសាធារណៈរដ្ឋកូរ៉េបានផ្តល់ជំនួយមកកាន់ប្រទេសកម្ពុជាដើម្បីប្រយុត្តិប្រឆាំងនិងជំងឺកូវិដ១៩។ កន្លងមកទីភ្នាក់ងារ KOICA បានផ្តល់ជាម៉ាស់ និងសម្ភារៈនានា ទៅកាន់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតផងដែរ ហើយមូលនិធិ KOFIH ក៏បានគាំទ្រប៉ុស្តិ៍ត្រួតពិនិត្យដើម្បីធ្វើចត្តាឡីស័ក នៅទីតាំងព្រំដែនអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន ក្នុងមណ្ឌលចត្តាឡីស័ក ក្នុងមណ្ឌលសុខភាពកន្ដៀង ខេត្តពោធិ៍សាត់ និងការលើកកម្ពស់ចំណេះដឹងសហគមន៍ក្នុងខេត្តបាត់ដំបង៕