(ត្បូងឃ្មុំ)៖ អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចុះចែកជូនដល់ពលរដ្ឋចំនួន១៧នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅឃុំជីរោទ៍ទី២ ក្នុងស្រុកត្បូងឃ្មុំ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី ប្រេងឆា សាប៊ូ ព្រមទាំងថវិកាមួយចំនួន។

មានប្រសាសន៍សំណេះសំណាលទៅកាន់ពលរដ្ឋកំពុងដាក់ខ្លួនដោយឡែក១៤ថ្ងៃនាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាបានយកចិត្តទុកដាក់បំផុតពី ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ពោលគឺមិនឲ្យប្រជាពលរដ្ឋណាម្នាក់ លំបាកអត់អាហារស្លាប់នោះឡើយ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក និងអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនត្រូវរក្សា អនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នានោះទេ ជាពិសេសចំពោះពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានកាកាពារ របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីដ-១៩ ព្រោះជំងឺនេះ វាអាចឆ្លង យ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយត្រូវរង់ចាំរហូតវ៉ាក់សាំងការពារជំងឺនេះ ដែលសម្តេចតេជោ ហ៊ុន សែន បញ្ជារទិញបានមកដល់កម្ពុជា នាពេលខាងមុខនេះ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក បានសំដែងនូវក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ពិសេស សម្តេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

គួររំលឹកថា ចាប់តាំងពីផ្ទុះការរីករាលដាលជាសកលនៃវីរុសកូរ៉ូណា ចូលមកដល់កម្ពុជា ក្រោមការដឹកនាំចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្ត បានរៀបចំពលរដ្ឋដែលបានឆ្លងជំងឺ និងអ្នកមានការពាក់ព័ន្ធធ្វើចត្តាឡីស័ក ពិនិត្យព្យាបាលរហូតបានជា សះស្បើយ ព្រមទាំងបាននាំយកអំណោយ និងថវិការរបស់រាជរដ្ឋាភិបាល និងរបស់លោកផ្ទាល់ និងសប្បុរសជននានា ទៅចែកជូនជាបន្តបន្ទាប់ជាក់ស្តែង ប្រជាពលរដ្ឋទាំង១៧នាក់នាពេលនេះ ដែលជាការយកចិត្តទុកដាក់បំផុត ក្នុងនាមអាណាព្យាបាលរបស់ពលរដ្ឋ នាដំណាក់កាលដ៍សំខាន់នេះ៕