(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅផ្លូវ៣៦៧ កែង៦៣១ ស្ថិតក្នុងក្រុមទី១៥ ភូមិព្រែក សង្កាត់ច្បារអំពៅទី០១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរលត់ទៅវិញហើយ ក្រោយមានការអន្ដរាគមន៍ជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឡាំង អ៊ាបខេង អាយុ៤៩ឆ្នាំ ហើយប្រភេទផ្ទះដែលត្រូវអគ្គិភ័យវាយប្រហារ ធ្វើពីឈើប្រក់ស័ង្កីនៅជាន់ទី២ ទំហំ៥ម៉ែត្រ គុណ១៦ម៉ែត្រ។

បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក្នុងប្រតិបត្តិការនៃការជួយសង្គ្រោះ កម្លាំងសមត្ថកិច្ចប្រើប្រាស់ទឹកអស់ចំនួន២៨ឡាន ក្នុងនោះ រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន, រថយន្តក្រសួងមហាផៃ្ទ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន, រថយន្តអាវុធហត្ថ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន, រថយន្តបុរី ប៉េង ហ៊ួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន, រថយន្តជ្រោយចងា្វរ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន។

យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ លោកនាយការិយាល័យបានអះអាងថា មិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ គ្រាន់តែបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះខាងលើតែប៉ុណ្ណោះ៕