(ភ្នំពេញ)៖ មូលនិធិខ្មែរចំណាកស្រុកសម្ដេចតេជោ សែន បានចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ និងបំពេញការងារនៅតាមរោងចក្រ ឬក្រុមហ៊ុននានា សូមចូលរួមអនុវត្ត និងស្ដាប់តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

ក្នុងសេចក្ដីជូនដំណឹងនោះ មូលនិធិខ្មែរចំណាកស្រុកសម្ដេចតេជោ សែន បានអំពាវនាវពលរដ្ឋខ្មែរនៅប្រទេសថៃ យកចិត្តទុកដាក់ចំណុចសំខាន់ៗ ដូចខាងក្រោម៖

*ទី១៖ សូមបងប្អូនបន្ដប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាលថៃ អាជ្ញាធរថៃ និងភាគីពាក់ព័ន្ធនៅប្រទេសថៃដើម្បីបង្ការ និងការពារការឆ្លងជំងឺកូវីដ-១៩។

*ទី២៖ បើគ្មានការចាំបាច់ បងប្អូនគួរស្នាក់នៅមួយកន្លែងធ្វើចត្តាឡីស័ក តាមការណែនាំរបស់អាជ្ញាធរថៃ។ ក្នុងករណីបងប្អូនមានការចាំបាច់ ត្រូវត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលនឹងរៀបចំរថយន្តយោធាធុនធំ ចំនួន៧០គ្រឿង រង់ចាំជួយអន្តរាគមន៍ និងសម្រួលការធ្វើដំណើរជូនបងប្អូននៅតាមព្រំដែន។

*ទី៣៖ រាជរដ្ឋាភិបាល នឹងបើកច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៣កន្លែង គឺច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដូច្នេះសូមបងប្អូនដែលធ្លាប់ធ្វើដំណើរ តាមច្រក់ផ្សេងៗ ប្តូរទិសដៅធ្វើដំណើរមកតាមច្រកទាំង៣កន្លែងនេះវិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងការធ្វើចត្តាឡីស័ក នៅតាមគោលដៅដែលរៀបចំដោយ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធដែលត្រៀមខ្លួនរួចជាស្រេចនៅតាមច្រកព្រំដែនដើម្បីធានាសុវត្ថិភាពជូនបងប្អូន៕