(សៀមរាប)៖ គម្រោងអង្ករ ដូរប្លាស្ទិក របស់អង្គការមូលនិធិទំពាំងស្នងឫស្សី បានកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋ រស់នៅលើភូមិបណ្តែតទឹកជាង ៣០០គ្រួសារ នៃឃុំកែវព័ណ៌ ស្រុកពួក ដោយនាំគ្នាបានបញ្ឈប់សកម្មភាព បោះចោលសំរាមប្លាស្ទិកទៅក្នុងទឹក ឬការដុតសំរាមបន្តទៀតហើយ ព្រោះថានៅទីនោះបានបង្កើតឱ្យមានជាជង្រុក សម្រាប់ទុកដាក់សំរាមត្រឹមត្រូវហើយ។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី កម្មវិធីនេះផ្តោតជាសំខាន់ទៅលើការប្រមូលសំរាមប្លាស្ទិកតែមួយប៉ុណ្ណោះ ព្រោះប្លាស្ទិក មានអាយុរាប់រយឆ្នាំ ដែលបង្កហានិភ័យខ្ពស់ទាំងជីវិតមនុស្ស និងសត្វ។ ប្រជាពលរដ្ឋដែលចូលរួមជាមួយកម្មវិធីនេះ នឹងទទួលបានរង្វាន់លើកទឹកចិត្តជាអង្ករ ថវិកា និងគ្រឿងបរិភោគនានា។

ប្រធានអង្គការទំពាងស្នងឫស្សីរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋភូមិពាមតាអួរ ដែលមានជាង ៣០០គ្រួសារ បានបញ្ឈប់ការចោលប្លាស្ទិកទៅក្នុងទឹក និងឈប់ដុតប្លាស្ទិក ពួកគាត់ចេះញែកសំណល់ ទុកដាក់អេតចាយផ្សេង ហើយប្រមូលប្លាស្ទិក ដែលមានពីរប្រភេទ គឺយើងបានបោះពុម្ពជាការ៉ុង ដែលយើងដាក់ឈ្មោះថាប្លាស្ទិកអូលី...! ជាការ៉ុងឱ្យទៅគាត់សម្រាប់ដាក់ប្លាស្ទិក ហើយយើងបង្កើតជាជង្រុកមួយ ទៅតាមរដូវដល់អ៊ីចឹងនៅទន្លេសាបវាចល័តចុះឡើង តាមរបបទឹកទន្លេ ទឹកស្រកសំរាមនៅសល់តាមដើមឈើ ចឹងយើងមានគំនិតថា បង្កើតជាជង្រុកប្លាស្ទិកដូចជង្រុកស្រូវ អ៊ីចឹង យើងប្រមូលផលប្លាស្ទិកតាមរដូវ»។

លោកបានបន្ថែមថា ដោយសារកម្មវិធីទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីប្រជាជន ជាគោលដៅបន្ទាប់អង្គការមូលនិធិទំពាំងស្នងឫស្សី នឹងបន្តគម្រោងរបស់ខ្លួនទៅតាមដងស្ទឹងសៀមរាប និងនៅតាមភូមិជាច្រើនទៀត ក្នុងខេត្តសៀមរាប និងនៅខេត្តបាត់ដំបងផងដែរ។

ចំណែកលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងមួយថ្ងៃកម្ពុជា មានសំរាមជាង ១ម៉ឺនតោន ដោយក្នុងមួយឆ្នាំមានជិត ៤លានតោន។ ក្នុងនោះ៦៥ ទៅ ៧០ភាគរយ ជាសំណល់សរីរាង្គ ២០ភាគរយ ជាសំណល់ប្លាស្ទិកក្រៅពីនោះជាសំណល់រឹង។ សំរាមក្នុងប្រទេសកម្ពុជា មានកំណើនចន្លោះពី១០ ទៅ ១៥ភាគរយ ជារៀងរាល់ឆ្នាំដោយសារកំណើនសេដ្ឋកិច្ចឥរិយាបថវេចខ្ចប់ របស់ប្រជាពលរដ្ឋការកែច្នៃនៅមានកម្រិត និងការប្រើប្រាស់មានការកើនឡើង។

លោកបានបន្តថា ក្រសួងបរិស្ថាន កំពុងតែយកចិត្តទុកដាក់ និងជំរុញការញែកសំរាមតាមប្រភេទដូចជា៖ ញែកសំរាមសរីរាង្គ ដើម្បីយកវាទៅធ្វើជាជីកំប៉ុស និងញែកសំណល់ប្លាស្ទិកដើម្បីយកទៅកែច្នៃបន្ត។ ហើយក្រសួងក៏កំពុងជំរុញដល់ការអនុវត្តគោលការណ៍ ៤R ផងដែរ រួមមាន៖ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក, ការកែច្នៃឡើងវិញ, ការប្រើប្រាស់ឡើងវិញ និងការបដិសេធការប្រើប្លាស្ទិកតែម្ដង។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គោលបំណងបង្កើតជង្រុកប្លាស្ទិក និងគម្រោងអង្ករដូរប្លាស្ទិក គឺមានទិសដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឬក៏កាត់បន្ថយការបំពុលប្លាស្ទិក នៅក្នុងបឹងទន្លេសាប ហើយក៏ជាការចូលរួមការពារជីវៈចម្រុះនានានៅក្នុងបឹងទន្លេសាប។ ប្លាស្ទិក គឺជាសំណល់មួយបង្កើតឡើងដោយសារធាតុគីមី និងមិនងាយលាយចូលទៅក្នុងទឹក ឬដីនោះទេ។

អ្នកស្រី ទឹម អូន អាយុ៥៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមតាអួរ ឃុំកែវព័ណ៌ ស្រុកពួក បានបង្ហាញការគាំទ្រចំពោះគម្រោងដែលអង្គការមូលនិធិទំពាំងស្នងឫស្សី ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្កើតឱ្យមានគម្រោងប្រមូលសំរាមប្លាស្ទិកនេះឡើង ដែលបានធ្វើឱ្យសហគមន៍លោកស្រីមានភាពស្រស់ស្អាតលែងមានសំរាមប្លាស្ទិកអណ្តែតលើទឹក ឬតាមមែកឈើបន្តទៀត។

អ្នកស្រីបន្ថែមថា ទោះបីជាគម្រោងនេះនឹងបញ្ចប់នៅពេលណាមួយ តែក្នុងនាមប្រជាពលរដ្ឋលោកនឹងនៅតែបន្តសកម្មភាពប្រមូល ឬញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូល។

បន្ថែមពីនេះលោកស្រី ទឹម អូន បានបញ្ជាក់ថា ចាប់តាំងពីអនុវត្តតាមកាណែនាំរបស់អង្គការទំពាំងស្នងឫងស្រីនេះមក ក្នុងសហគមន៍របស់លោកស្រី មានសភាពស្អាតប្លែកខុសពីមុន ខណៈពេលមិនទាន់អនុវត្តការប្រមូលសំរាមនេះ សហគមន៍របស់គាត់ពោលពេញទៅដោយសំរាមថង់ប្លាស្ទិច និងសំបកដបទឹក អណ្តែតពេញផ្ទៃបឹងទន្លេសាបជាដើម។

ដោយឡែកកញ្ញា ម៉ៅ ប៉ន ជាអ្នកស្ម័គចិត្តរបស់អង្គការទំពាំងស្នងឫស្សី បានឱ្យដឹងថា មូលហេតុដែលនាងចូលក្នុងសកម្មភាពស្ម័គ្រចិត្តនេះ ព្រោះយល់ឃើញថា បឹងទន្លេសាប គឺជាតំបន់ទេសចរណ៍ ប៉ុន្តែ នៅតាមសហគមន៍លើផ្ទៃបឹងទន្លេសាប បែរជាពោលពេញទៅដោយសំរាមអណ្តែតផ្ទៃទឹក ត្រង់ចំណុចនេះហើយបានជារូបនាងផ្ទាល់ រួមទាំងមិត្តភក្តិផ្សេងៗទៀត ចូលរួមបំផុសសកម្មភាពទន្លេសាបគ្មានសំរាមប្លាស្ទិកនេះ ដល់ប្រជាជននៅក្នុងសហគមន៍មេព្រៃ ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ។

កញ្ញា ម៉ៅ ប៉ន បានបន្តថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍មេព្រៃនេះ មានការយល់ដឹងជាងមុនពីរបៀបសំអាត ការទុកដាក់ និងការញែកសំរាមប្លាស្ទិក របៀបប្រើប្រាស់សំរាម និងទុកដាក់សំរាមជាដើម។

កញ្ញា អ៊ា សំណាង ជាយុវជនស្ម័គ្រចិត្តភូមិពាមតាអួរ ឃុំកែវព័ណ៌ ស្រុកពួក បានឱ្យដឹងថា តាមរយៈកម្មវិធីនេះបឹងទន្លេសាបគ្មានថង់ប្លាស្ទិចនេះ មកក្នុងសហគមន៍របស់គាត់ គឺមានសោភ័ណភាពស្រស់ស្អាតជាងមុន បើងាកត្រឡប់មកក្រោយវិញ កាលពីមិនទាន់មានអង្គការទំពាំងស្នងឫស្សី ចូលរួមមកអប់រំដល់ប្រជាសហគមន៍ គឺនៅនៅលើផ្ទៃទឹកពោលពេញ ទៅដោយសំរាម ហើយពេលទឹកស្រកវិញ សំរាមមានពាសវាលពាសកាលនៅលើផ្ទៃដី ចំណុចនេះបង្កឱ្យបាត់បង់សោភ័ណភាពបរិស្ថាន និងបង្កឱ្យកើតជាជំងឺផ្សេងៗជាដើម។

កញ្ញា បានបន្ថែមថា បញ្ហាសំរាមមិនមែនជាការទទួលខុស ត្រូវរបស់នរណាម្នាក់ ឬក្រុមណាមួយតែឯងឡើយ។ ដូច្នេះ បន្ថែមពីលើការងាររបស់អាជ្ញាធរ រដ្ឋាភិបាលប្រជាពលរដ្ឋម្នាក់ៗ ក៏ត្រូវរួមចំណែកក្នុងការងារនេះ ដោយចាប់ផ្ដើមពីការលះបង់ទម្លាប់ចាស់ ឈប់បោះចោលសំរាមពាសវាលពាសកាល ហើយបង្កើតទម្លាប់ថ្មី៕