(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា និងវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោករវាងព្រំដែនប្រទេសទាំងពីររួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ប្រាប់បណ្តាញព័ត៌មាន Fresh News។
ការផ្លាស់ប្តូរលិខិតូបករណ៍នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាស ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាសហប្រធានជាមួយ ឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ តាមប្រព័ន្ធវីដេអូ។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម២០១៩ និងពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោក គឺជាចំណងគតិយុត្តរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលត្រូវគោរព និងអនុវត្តក្រោមក្របខណ្ឌនៃនីតិអន្តរជាតិ។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានគាំទ្រដោយព្រឹទ្ធសភា រដ្ឋសភា និងគណៈរដ្ឋមន្រ្តីផងដែរ។ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចុះហត្ថលេខា នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម រយៈពេល២ថ្ងៃ។
លោកស្រី កុយ ពិសី បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានខេត្តកម្ពុជាចំនួន៣ហើយ ត្រូវបានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែន ក្នុងចំណោមខេត្តទាំង៩ ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ ខេត្តទាំង៣ ដែលបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុងនេះ មានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ខណៈដែលខេត្តចំនួន៦ទៀត ដែលនៅសេសសល់ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ។
កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤ភាគរយហើយ៕