(ភ្នំពេញ)៖ ឆ្នាំ២០២០ បើទោះបីស្ថានភាពប្រទេសក្នុងតំបន់ និងពិភពលោក រងការយាយីខ្លាំងក្លាពីជំងឺកូវីដ១៩យ៉ាងណាក្តី តែកម្ពុជា និងចិន ដែលមានទំនាក់ទំនងដ៏យូរលង់ជាមួយគ្នានោះ នៅតែបន្តធ្វើទំនាក់ទំនងយ៉ាងស្អិតល្មួតនឹងគ្នាទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម។

ខាងក្រោមជាព័ត៌មានសំខាន់ៗទាំង១០ នៃទំនាក់ទំនងរវាងកម្ពុជា និងចិន ក្នុងឆ្នាំ២០២០៖

១៖ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដំបូងគេ អញ្ជើញបំពេញទស្សនកិច្ចនៅប៉េកាំង

នាថ្ងៃទី៥ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកដៃកូនប្រុសច្បង គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន។

ដំណើរទស្សនកិច្ចរបស់សម្តេច បានក្លាយជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិនក្រោយពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។ វត្តមានអញ្ជើញដល់រដ្ឋធានីប៉ែកាំង ក្រោមព្យុះព្រិលផងនោះ សម្តេចតេជោ ហ៊ុន សែន និងកូនប្រុសច្បង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកំពូលរបស់ចិន។

ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ច សម្តេចតេជោ បានអញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping និងលោកនាយករដ្ឋមន្ត្រី Li Keqiang។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ធ្វើឱ្យមានការស្ញប់ស្ញែង និងគោរពយ៉ាងខ្លាំងពីប្រជាពលរដ្ឋចិន។ តាមរយៈបណ្ដាញអ៉ីនធើណេត ពលរដ្ឋចិនបានចាត់ទុកសម្ដេចតេជោជា «បុរសសង្ហាដើរបញ្ច្រាសទិស» ព្រមទាំងយល់ថាដំណើរទស្សនកិច្ចនេះបានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីអត្ថន័យស្នូលចម្បងនៃសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា ដែលរួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។

២៖ កម្ពុជា-ចិន ធ្វើលំហាត់សមយុទ្ធ «នាគមាស២០២០»

នាថ្ងៃទី១៥ ដល់ ៣០ ខែមីនា លំហាត់សមយុទ្ ធ«នាគមាស២០២០» រវាងកម្ពុជា និងចិន ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យក្នុងទឹកដីខេត្តកំពត។ ទាហានជើងគោកនៃកងទ័ពរំដោះប្រជាជនចិនចំនួន ២៦៥រូប និងគ្រឿងសព្វាវុធជាច្រើនមុខសរុបជាង ២៥០ប្រភេទ (ឈុត) មានវត្តមានក្នុងពិធីខាងលើ ហើយចំនួនសរុបនៃការចូលរួមរបស់កងទ័ពប្រទេសទាំងពីរលើសពី ៨០០នាក់។

នេះជាលំហាត់បាញ់គ្រាប់ពិត និងមានវត្តមានចូលរួមពីកងទ័ពតែមួយគត់ដែលកងទ័ពចិន បានដឹកនាំរួមគ្នាជាមួយកងទ័ពបរទេស ខណៈដែលកំពុងតែមានការផ្ទុះឡើងនៃជំងឺវីរុសកូវីដ-១៩ទាំងការធ្វើលំហាត់ និងការការពារជំងឺវីរុស។ នេះបង្ហាញពីកម្រិតខ្ពស់នៃកិច្ចសហប្រតិបត្តិការរវាងយោធាទាំងពីរប្រទេស។

៣៖ ចិន បញ្ជូនគ្រូពេទ្យជំនាញ មកកាន់កម្ពុជា ដើម្បីប្រយុទ្ធជំងឺកូវីដ១៩

នាថ្ងៃទី ២៣ ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលបញ្ជូនដោយភាគីចិនមកកាន់កម្ពុជា សម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩។ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ បានមកដល់រាជធានីភ្នំពេញតាមជើងហោះហើរពិសេស។ ពួកគេបានបំពេញកិច្ចការងារទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២សប្ដាហ៍។

នេះជាក្រុមអ្នកជំនាញទប់ស្កាត់នឹងជំងឺវីរុសទី១ ដែលរដ្ឋាភិបាលចិន បានចាត់បញ្ជូនមកកាន់ប្រទេសជិតខាងចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសមួយនេះមក។

កំលុងពេលការស្នាក់នៅក្នុងប្រទេសកម្ពុជា ក្រុមវេជ្ជសាស្ត្របានចុះពិនិត្យកន្លែងសំខាន់ៗដែលមានទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម បានជួយស្ថាបនា និងកែលម្អប្រព័ន្ធទប់ស្កាត់លើជំងឺវីរុសជូនដល់ក្រសួងសុខាភិបាលកម្ពុជា ក៏ទទួលបានការវាយតម្លៃខ្ពស់ពីរាជរដ្ឋាភិបាល និងគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។

នាថ្ងៃទី២៤ ខែមីនា ក្រុមអ្នកជំនាញយោធាចិនក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសបានមកដល់កម្ពុជា។ នេះជាក្រុមជំនាញយោធាចិនដំបូងគេបង្អស់លើកិច្ចទប់ស្កាត់នឹងជំងឺវីរុស ដែលត្រូវបានចាត់បញ្ជូនមកកាន់ប្រទេសជិតខាងលើសកលលោក ក៏បានបង្ហាញពីមនោសញ្ចេតនានៃកងទ័ពទាំងពីរប្រៀបដូចបងប្អូន ដែលរួមសុខទុក្ខលើក្បូនតែមួយ និងជួយគ្នាទៅវិញទៅមក។

៤៖ កម្ពុជា-ចិន ប្រកៀកស្មាគ្នាប្រយុទ្ធជំងឺកូវីដ១៩

ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសមក រដ្ឋាភិបាល និងប្រជាជនចិន និងកម្ពុជាបានជួយគ្នាទៅវិញទៅមក ពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូសម្រាប់សហគមន៍អន្តរជាតិ លើកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺមួយនេះ។

ក្រោយពីមានការផ្ទុះឡើងនៃជំងឺវីរុសក្នុងប្រទេសចិនមក ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យនិងសម្ភារៈជាច្រើនអនេកជូនដល់ភាគីចិន។

ប្រជាជនកម្ពុជាដែលជាប់សែស្រឡាយចិន និងគ្រប់មជ្ឈដ្ឋានទាំងឡាយ បានផ្តល់ជំនួយជាច្រើនមកកាន់ប្រទេសចិន ហើយសម្ភារៈទប់ស្កាត់នឹងជំងឺវីរុស ដែលបានបញ្ជូនទៅដល់ទីក្រុង Wuhan ប្រទេសចិន មុនគេបង្អស់ គឺទៅពីប្រទេសកម្ពុជា។

សិស្សនិស្សិតកម្ពុជាបានពោលព្រមៗគ្នាថា ខ្លួននឹងបន្តស្នាក់អាស្រ័យក្នុងទីក្រុង Wuhan និងរួមគ្នាពុះពាររាល់ការលំបាកជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតចិន។ ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ភាគីចិនបានផ្តល់ជំនួយជាច្រើនសន្ធឹកសន្ធាប់ជូនដល់កម្ពុជា។

ដើម្បីជួយសម្រួលដល់បញ្ហាកង្វះខាតនៃវត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌកាត់ដេរក្នុងប្រទេសកម្ពុជា ភាគីចិនបានធានាផ្គត់ផ្គង់ជូនកម្ពុជាខណៈពេលដែលខ្លួនកំពុងតែពុះពារនូវការលំបាក។

រដ្ឋាភិបាលនិងយោធាចិន បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តមកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ចំនួន ២ក្រុម ក៏បានដឹកជញ្ជូនសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសជូនដល់ភាគីកម្ពុជាតាមរយៈយន្តហោះពិសេសចំនួន ៦ គ្រឿង សម្ភារៈទាំងនោះរួមមានឧបករណ៍ការពារនឹងជំងឺវីរុស និង Nucleic acid detection reagent ជាដើម ដែលមានតម្លៃសរុបជាង ដប់លានដុល្លារសហរដ្ឋអាមេរិក។ ប្រឈមមុខជាមួយនឹងជំងឺវីរុស ចិននិងកម្ពុជាបានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីអត្ថន័យស្នូលសំខាន់នៃសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ។

៥៖ កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាលើកដំបូង ក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន

នាថ្ងៃទី៩ ខែមិថុនា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចុះហត្ថលេខាលើពិធីសារស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។

តាមរយៈកិច្ចព្រមព្រៀងនេះ បានបង្ហាញថា ទីផ្សារចិន បើកចំហថែមមួយកម្រិតទៀតជូនដល់ផលិតផលកសិកម្មកម្ពុជា។ ផ្លែស្វាយនឹងក្លាយជាផ្លែឈើត្រូពិកកម្ពុជាទីពីរ ដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្តពីផ្លែចេក។

៦៖ ចិន និងកម្ពុជា រៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលលើកទី៥

នាថ្ងៃទី១៦ ខែមិថុនា លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសចិន និងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិន និងកម្ពុជា លើកទី ៥ រួមគ្នា ហើយកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយតាមរយៈVideo Conference។ នេះជាកិច្ចប្រជុំយន្តការថ្នាក់ឧបនាយករដ្ឋមន្រ្តីរបស់ប្រទេសចិនដែលរៀបចំឡើងជាមួយប្រទេសជាមិត្ត ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩។

ភាគីទាំងពីរបានបូកសរុបសមិទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមាននៅក្រោយកិច្ចប្រជុំលើកទី៤ បានរៀបចំយ៉ាងគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍន៍ដំណាក់កាលបន្ទាប់សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីអំពីការលើកកម្រិតភារកិច្ចរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុជាដែលស្ថិតក្នុងស្ថានភាពថ្មី។

៧៖ ការវិនិយោគរបស់ចិន មកកាន់កម្ពុជា នៅតែកើនខ្ពស់ទោះមានវិបត្តិជំងឺកូវីដ១៩

ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ការវិនិយោគដោយផ្ទាល់របស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន ៨៦០លានដុល្លារសហរដ្ឋអាមេរិក បើធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានកំណើន ៧០%។

គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា បានពុះពាររាល់ផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ និងបានដំណើរការទៅមុខយ៉ាងរលូន ហើយស្ថានីយ៍អគ្គិសនី Huadian ខេត្តព្រះសីហនុ ដែលដើរដោយថាមពលកម្តៅបានបញ្ចប់ការតម្លើងគ្រោងដែកនៃរោងចក្រ។

ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ ៣៩% នៃសំណង់វិស្វកម្មសរុប។ ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានចំនួនកើនឡើងជាបន្តបន្ទាប់ ហើយបរិមាណនៃការនាំចូល និងនាំចេញ បានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) បានចាប់ផ្តើមសាងសង់អគារ Terminal និងទីតំបន់សម្រាប់ការហោះហើរ។ ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃលើ។

៨៖ ប្រមុខការទូតចិន បំពេញទស្សនកិច្ចនៅកម្ពុជា

ថ្ងៃទី១១ និង១២ ខែតុលា លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជា។ ដំណើរអញ្ជើញមកដល់របស់លោក វ៉ាង យី ត្រូវបានស្វាគមន៍ដោយដំណក់ភ្លៀងយ៉ាងខ្លាំង។

កំលុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា លោក វ៉ាង យី បានជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានអញ្ជើញជាអធិបតីភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលជាកិច្ចព្រមព្រៀងមួយដ៏មានសារសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងចិន។

ក្នុងពិធីនោះ ក៏មានការចុះហត្ថលេខាងលើលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងចិននិងកម្ពុជា, លិខិតប្តូរឯកសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្តូរសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

លោក វ៉ាង យី ក៏បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលសម្ភារៈទប់ស្កាត់ជំងឺវីកូវីដ១៩ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជាផងដែរ។

៩៖ កម្ពុជា-ចិន ឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រ

នៅថ្ងៃទី១២ ខែតុលា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីការបរទេសចិននោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកកម្មកម្ពុជា និងលោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា» តាមរយៈប្រព័ន្ធវីដេអូ។

នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីលើកដំបូងរបស់ប្រទេសកម្ពុជា ដែលមានកម្រិតបើកចំហខ្ពស់ មានវិសាលភាពទូលំទូលាយ និងមានសារៈសំខាន់ខ្លាំងក្នុងការជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសកម្ពុជា។

កិច្ចចរចារព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ត្រូវបានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៩ ដំណើរការតែកន្លះឆ្នាំក៏ទទួលបានការឯកភាពរួមគ្នា បានបង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

១០៖ ប្រធានាធិបតីចិនបានថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្ដេចព្រះមហាក្សត្រី

នាថ្ងៃទី៦ ខែវិច្ឆិកា លោកប្រធានាធិបតីចិន Xi Jinping បានរៀបចំពិធីថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យ៉ាងអធឹកអធមក្នុងមហាវិមានប្រជាជនចិន។

លោកប្រធានាធិបតីចិន បានថ្លែងថា សម្តេចព្រះមហាក្សត្រី គឺជាសក្ខីភាពដ៏សំខាន់និងជាអ្នកជំរុញចំណងមិត្តភាពរវាងចិននិងកម្ពុជា។ គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» បានតំណាងឱ្យមនោសញ្ចេតនានៃការគោរពយ៉ាងខ្លាំងរបស់ប្រជាជនចិនថ្វាយចំពោះសម្តេចព្រះមហាក្សត្រី និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតជូនដល់ប្រជាជនកម្ពុជា ក៏ជានិមិត្តរូបនៃចំណងមិត្តភាពដ៏ជិតស្និទ្ធបំផុតរវាងចិននិងកម្ពុជាផងដែរ។

សម្តេចព្រះមហាក្សត្រីមានព្រះរាជបន្ទូលថា លោកប្រធានាធិបតី បានថ្វាយគ្រឿងឥស្សរិយយសដល់ព្រះអង្គផ្ទាល់ នេះបានបង្ហាញពីមនោសញ្ចេតនាមិត្តភាពប្រៀបដូចបងប្អូននៃប្រទេសចិន និងប្រជាជនចិន ថ្វាយចំពោះព្រះអង្គក៏ដូចជាជូនចំពោះប្រជាជនកម្ពុជា។ ព្រះអង្គពិតជាមានក្តីសោមនស្សរីករាយជាខ្លាំង និងថ្លែងអំណរគុណដោយស្មោះផងដែរ។

មុនសម្តេចព្រះមហាក្សត្រីទទួលបានគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ក៏មានមិត្តបរទេសចំនួន ៨ រូបផ្សេងទៀត ក្នុងនោះរួមទាំងប្រធានាធិបតីរុស្ស៉ី លោក ពូទីន ក៏ធ្លាប់ទទួលបាននូវគ្រឿងឥស្សរិយយសមួយនេះដែលមានកម្រិតខ្ពស់បំផុតរបស់ប្រទេសចិន៕