(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំឱ្យលេខកូដសម្ងាត់ OTP ទៅនរណាម្នាក់តាមរយៈសារ ឬទូរសព្ទឱ្យសោះ ព្រោះនឹងធ្វើឱ្យគេចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមរបស់យើង។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា មួយរយៈនេះខ្លួនបានសង្កេតឃើញមានគណនីទំនាក់ទំនងបណ្ដាញសង្គមដូចជា WhatsApp និង Telegram របស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានគេលួចចូលប្រើប្រាស់នៅពេលម្ចាស់គណនី បានផ្ដល់ឱ្យជនអនាមិកនូវលេខសម្ងាត់ OTP ដែលពួកគេទទួលបានពីក្រុមហ៊ុន។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានពន្យល់ថា លេខសម្ងាត់ OTP ឬ One Time Pin គឺជាលេខសម្ងាត់ដែលក្រុមហ៊ុនបានផ្ញើឱ្យតាមរយៈសារនៅពេលមានការស្នើសុំពីអ្នកប្រើប្រាស់ដើម្បីបង្កើតគណនីថ្មី ឬដើម្បីចូលប្រើប្រាស់ (Login) គណនីជាមួយនឹងឧបករណ៍ថ្មី។ ដូច្នេះដើម្បីអាចចូលទៅក្នុងគណនីរបស់នរណាម្នាក់ ជនអនាមិកគ្រាន់តែដឹងនូវលេខទូរសព្ទរបស់ជននោះ ហើយពួកគេក៏ធ្វើការស្នើសុំលេខសម្ងាត់ OTP ថ្មី។

ជាចុងក្រោយ ដើម្បីអាចចូលទៅក្នុងគណនីរបស់នរណាម្នាក់ ក្រុមជនអនាមិកគ្រាន់តែផ្ញើសារ ឬទូរសព្ទទៅជននោះដើម្បីលួងលោមឱ្យផ្ដល់នូវលេខសម្ងាត់នោះ ដោយប្រើប្រាស់រូបភាពផ្សេងៗដូចជា ពួកគេពួកជាបុគ្គលិករបស់ក្រុមហ៊ុន មិត្តភ័ក្តិ ឬលើកឡើងថាបានឈ្នះរង្វាន់ជាដើម ហើយពួកគេត្រូវការលេខសម្ងាត់នោះដើម្បីបញ្ជាក់អត្តសញ្ញាណ។

ដើម្បីការពារកុំឱ្យមានការលួចចូលប្រើប្រាស់គណនីទំនាក់ទំនងបណ្ដាញសង្គម ជាពិសេសគណនីធនាគារនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គម កុំផ្ដល់លេខសម្ងាត់នេះទៅឱ្យជនទីបីនៅពេលដែលមានការស្នើសុំណាមួយឡើយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានគូសបញ្ជាក់ដែរថា ខ្លួនធ្លាប់បានធ្វើការណែនាំបញ្ហាស្រដៀងគ្នានេះរួចមកហើយ ទាក់ទងនឹងការលួចចូលប្រើប្រាស់គណនីធនាគារ ដែលជនអនាមិកបានទូរសព្ទទៅអ្នកប្រើប្រាស់ ហើយបន្លំធ្វើជាបុគ្គលិករបស់ធនាគារដើម្បីទាមទារឱ្យផ្ដល់លេខសម្ងាត់នេះ។

សូមបញ្ជាក់ថា ការចេញមកក្រើនរំលឹករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើឡើងបន្ទាប់ពីមានក្រុមជនទុច្ចរិតមួយចំនួន បានធ្វើសកម្មភាពដូចខាងលើនេះ ចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមរបស់អ្នកដទៃ៕