(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន៧លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ម្នាក់ រងរបួសធ្ងន់៩នាក់ និងរបួសស្រាល២នាក់ នេះបើតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង៧លើក​នេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១០គ្រឿង រួមមានម៉ូតូ​ចំនួន៦គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង យានផ្សេងៗ២គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៣លើក, មិនគោរពសិទ្ធិ១លើក, ប្រជែងគ្រោះថ្នាក់២លើក និងកត្តាយានយន្ត១លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៥នាក់ ​(​យប់៤នាក់)។

ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែកុម្ភៈម្សិលមិញផងដែរ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន១០១៤៥គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន៤១២៤គ្រឿង ​និងពិន័យ​សរុប៦០២១គ្រឿង ៕