(ភ្នំពេញ)៖ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា លោកគ្រោងនឹងជួបពិភាក្សាជាមួយអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិមួយចំនួនដែលទទួលបាននីតិសម្បទាធ្វើនយោបាយ ដើម្បីរៀបចំឯកសារដាក់ជូនក្រសួងមហាផ្ទៃ សម្រាប់ការបង្កើតគណបក្សថ្មី ឆាប់ៗនេះ។
ការ បញ្ជាក់របស់ លោក អ៊ូ ច័ន្ទរ័ត្ន បានធ្វើឡើងក្រោយពេលដែលលោកអស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពី លោកស្រី មូរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ មិនអាចធ្វើតាមអ្វីដែលលោកស្រីប្រកាសថា នឹងត្រឡប់មកប្រទេសកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «យើងឃើញជាក់ស្តែងហើយថា (មេដឹកនាំ អតីត CNRP) មិនមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់ក៏មិនមាន តាមផ្លូវនយោបាយក៏មិនមាន ហើយយើងរងចាំ ២ឆ្នាំ ៣ឆ្នាំហើយ ៩ វិច្ឆិកា ក៏ផុតទៅ១ឆ្នាំជាងទៅហើយ ឥឡូវនេះមកដល់០៤ មករា ១៧មករា អីហ្នឹងក៏កន្លងផុតទៅទៀតដែរ។ ដូច្នេះ ការសម្រេចចិត្តរបស់យើងជាចុងក្រោយក្នុងការជំរុញឱ្យមានគណបក្សថ្មីហ្នឹង ហើយអាចនឹងចាប់ផ្តើមហើយ យើងនឹងរៀបចំដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតមួយថ្មី ហើយយើងជជែកគ្នាចុងក្រោយថាដាក់នៅពេលណា»។
លោកស្រី មូរ សុខហួរ ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានចេញដំណើរពីទីក្រុងបូស្តុន កាលពីថ្ងៃទី១៥ ខែមករា ទៅដល់ទីក្រុង Los Angels សហរដ្ឋអាមេរិក នៅថ្ងៃសៅរិ៍ ទី១៦ ខែមករា។ លោកស្រីបានទៅកាន់ព្រលានយន្តហោះ Los Angels ដើម្បីហោះមកកាន់ប្រទេសសិង្ហបុរី ដោយប្រកាសថានឹងបន្តដំណើរមកកម្ពុជា ប៉ុន្តែលោកស្រីត្រូវបានបុគ្គលិកព្រលានយន្តហោះបញ្ជាក់ថា មិនមានឯកសារគ្រេប់គ្រាន់ក្នុងហោះចេញពីសហរដ្ឋអាមេរិកនោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុកថា ការប្រកាសវិលត្រឡប់ ហើយបរាជ័យទៅវិញរបស់ លោកស្រី មូរ សុខហួរលើកនេះ ជាចេតនាក្នុងការបង្កើតព្រឹត្តិការណ៍មួយ ដើម្បីឱ្យអ្នកគាំទ្រអស់ចិត្តប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ហើយយ៉ាងហោចណាស់មានគណបក្សថ្មីចំនួន៣ ត្រូវបានបង្កើតឡើង ឬដឹកនាំដោយអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ក្នុងនោះមានគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាប្រធានកិត្តិយស, គណបក្សខ្មែរអភិរក្សនិយមរបស់ លោក រៀល ខេមរិន្ទ្រ និងគណបក្សខ្មែរស្រលាញ់ជាតិរបស់ លោក ជីវ កត្តា ជាដើម៕