(បន្ទាយមានជ័យ)៖ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSSD-AF) នៅសាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ នេះ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហានទី២ នឹងត្រូវអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីត្រីមាសទី១ ឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងគោលបំណងកែលម្អជីវភាពរបស់ប្រជាពលរដ្ឋឲ្យប្រសើរឡើងនៅក្នុងខេត្តគោលដៅតាមរយៈ នៃការបង្កើតផលិតកម្ម កសិកម្ម ព្រមទាំងភាពធន់នឹងការប្រែប្រួលអាកាសធាតុ អាចបន្ថយហានិភ័យគ្រោះមហន្តរាយ និងលទ្ធភាពចូលដល់ទីផ្សារសម្រាប់កសិផលដែលបានដាំដុះ និងចិញ្ចឹមសត្វតាមលក្ខណៈបច្ចេកទេសកសិកម្ម ។ ហើយគម្រោងអភិវឌ្ឍន៍នៅក្នុង២៧០ឃុំ -សង្កាត់ និង ៧៣ ក្រុង-ស្រុក និងខេត្តចំនួន៧ ក្នុងនោះរួមមាន ៖ ខេត្តបាត់ដំបង, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, កំពង់ធំ, សៀមរាប និងខេត្តបន្ទាយមានជ័យ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះខេត្តបន្ទាយមានជ័យមាន មានស្រុកចំនួន៤ និងក្រុង១ មាន ៖ ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ មានចំនួន៣២ ឃុំ-សង្កាត់ ។ លោកបានបន្តថា បេសកកម្មរបស់គម្រោង គឺសម្រេចបាននូវលទ្ធផលសំខាន់ចំនួនបីគឺ ៖ ១-ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គាំទ្រផលិតភាពកសិកម្ម និងកែលម្អជីវភាព ដោយបង្កើនសមត្ថភាពគ្រប់គ្រងហានិភ័យនិងគ្រោះមន្តរាយ។ ២-ការកែលម្អបរិយាកាសសម្រាប់ការបង្កើនផលិតភាពកសិកម្ម ពិពិធកម្មកសិកម្ម និងភាពធន់នឹងអាកាសធាតុ។ ៣-ការគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធភាព។

លោក អោម ចន្ថា លើកឡើងងថា លក្ខណៈសំខាន់របស់គម្រោង គឺការរៀបចំ និងអនុវត្តន៍ដោយផ្អែកលើយន្តការនៃប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោង នឹងផ្ដល់ថវិកាច្រើនជាងមុនសម្រាប់ការបង្កើតជាមូលនិធិអភិវឌ្ឍន៍ឃុំគោលដៅដើម្បីគ្រប់គ្រង និងប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមរយៈការកសាងផែនការអភិវឌ្ឍន៍ និងវិនិយោគឃុំ។ ការបង្កើតមូលនិធិនេះក្នុងបំណងផ្ទេរ និងប្រគល់សិទ្ធិអំណាចដល់ក្រុមប្រឹក្សាឃុំគោលដៅ ក្នុងការអនុវត្តតួនាទី និងសិទ្ធិអំណាចដែលបានប្រគល់ឲ្យក្នុងការសម្របសម្រួលកិច្ចអភិវឌ្ឍន៍មូលដ្ឋាននានា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋរបស់ខ្លួន ពង្រឹងភាពជាម្ចាស់ និងការទទួលខុសត្រូវក្នុងការប្រើប្រាស់ និងគ្រប់គ្រងធនធានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ពង្រឹងគណនេយ្យភាព
របស់ក្រុមប្រឹក្សាឃុំ ក្នុងការប្រើប្រាស់ធនធានដែលខ្លួនមានចំពោះមុខប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានគោលបំណងសំខាន់ចំនួន៤ មាន៖ ១- អ្នកពាក់ព័ន្ធការអនុវត្តន៍គម្រោងបានយល់ពីផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២១ និងណែនាំពីប្រព័ន្ធត្រួតពិនិត្យការអនុវត្តគម្រោង PPMS នៃគម្រោង TSSD-AF អ្នកពាក់ព័ន្ធ ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនប្រចាំឆ្នាំ២០២១ សម្រាប់ឃុំ-សង្កាត់ គោលដៅទាំង៣២ក្នុងខេត្តបន្ទាយមានជ័យ ។ ២-បង្ហាញពីផែនការសកម្ម សំខាន់ និងថវិកាដែលបានឯកភាពគ្នានៅក្នុងការរៀបចំផែនការប្រចាំឆ្នាំ២០២១ AWPB តាមសមាសភាពនីមួយៗយកទៅអនុវត្តសកម្មភាពរបស់ខ្លួន។ ៣- ជម្រុញការទទួលខុសត្រូវក្នុងការអនុវត្តសកម្មភាពនីមួយៗឲ្យសម្រេចបានតាមផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពង់។ ៤-បង្ហាញ និងការអនុវត្តផ្ទាល់នូវក្របខ័ណ្ឌ នៃការត្រួតពិនិត្យមើលការអនុវត្តសកម្មភាពគម្រោង AMF សម្រាប់រៀបចំរបាយការណ៍ប្រចាំត្រីមាស៕