(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា ការធ្វើនយោបាយដោយមិនទទួលខុសត្រូវ ឬបារម្ភពីផលប៉ះពាល់ដល់ប្រយោជន៍ជាតិ ជាហានិភ័យដ៏ធំមួយសម្រាប់អនាគតកម្ពុជា។

លោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះនៅលើបណ្តាញសង្គម Facebook បន្ទាប់ពីលោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់កម្ពុជា នឹងត្រូវកាត់ផ្ដាច់លើសពី២០ភាគរយទៀត នៅក្នុងឆ្នាំ២០២១នេះ បើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មិនអាចចូលស្រុកវិញបាន។

តំណាងរាស្រ្តវ័យក្មេងរបស់កម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ហានិភ័យដ៏ធំមួយសម្រាប់អនាគតកម្ពុជាគឺការធ្វើនយោបាយដោយមិនទទួលខុសត្រូវ មិនខ្លាច ឬបារម្ភពីផលប៉ះពាល់ និងការខាតបង់ផលប្រយោជប្រទេសជាតិ។ នយោបាយបែបអត្មានិយម និងជាន់ពន្លិច»

ការលើកឡើងរបស់លោកស្រី មូរ សុខហួរ ក៏ត្រូវបានមហាជនប្រតិកម្មខ្លាំងៗថា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ គឺជាអ្នកនយោបាយដែលមានចេតនា បំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយកម្ពុជា និងបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។

លោកស្រី មូរ សុខហួរ ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានបរាជ័យក្នុងការវិលត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីត្រូវហាមឃាត់ដោយបុគ្គលិកព្រលានយន្តហោះនៅរដ្ឋឡូអែនជីលេស ដោយសារលោកស្រី មិនមានឯកសារគ្រេប់គ្រាន់ក្នុងហោះចេញពីសហរដ្ឋអាមេរិក។

ការបរាជ័យរបស់ លោកស្រី មូរ សុខហួរ ក្នុងការត្រឡប់មកកម្ពុជា ត្រូវបានអ្នកនយោបាយយល់ឃើញថា ជាចេតនាក្នុងការបង្កើតព្រឹត្តិការណ៍មួយ ដើម្បីឱ្យអ្នកគាំទ្រអស់ចិត្តប៉ុណ្ណោះ៕