(ភ្នំពេញ)៖ នាយកដ្ឋានបញ្ជូនសារ នៃក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Sensoro Cambodia Technology Co.,Ltd ដើម្បីគ្រប់គ្រង និងតាមដាននូវគ្រោះមហន្តរាយនានា ជាពិសេសករណីអគ្គិភ័យ ខណៈឧបករណ៍ទាំងនោះអាចបង្ការទុកជាមុន តាមរយៈបច្ចេកវិទ្យាឈានមុខដ៏ទំនើបនោះ។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ, ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងលោក ZAO LONG អគ្គនាយកក្រុមហ៊ុន នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ នាង ផាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករវាងនាយកដ្ឋានបញ្ជូនសារ និងក្រុមហ៊ុន Sensoro ជាងមួយឆ្នាំមកនេះ ដែលធ្វើឱ្យមានកិច្ចសហប្រតិបត្តិការ រហូតឈានទៅដល់មានការចុះអនុស្សារណៈយោគយល់គ្នានៅថ្ងៃនេះ។

នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុនចិននេះ គឺនឹងធ្វើឱ្យក្រសួងការពារជាតិកម្ពុជា កាន់តែមានធនធានបន្ថែមទៀត ក្នុងការគ្រប់គ្រងហេតុការណ៍ទាំងនេះបានលឿន និងទាន់ពេលវេលា ខណៈករណីនេះបានកើតឡើងជារៀងរាល់ឆ្នាំ ដោយពុំបានដឹងជាមុននោះ។

នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sensoro Cambodia ដែលបានសម្រេចយកប្រទេសកម្ពុជាធ្វើជាដៃគូ ខណៈប្រទេសជិតខាងកម្ពុជានៅពុំទាន់មានបច្ចេកវិទ្យាទំនើបទាំងនេះសម្រាប់គ្រប់គ្រង់គ្រោះធម្មជាតិទាំងនេះនៅឡើយនោះ។

ថ្លែងនៅក្នុងកម្មវិធីនោះដែរ លោក ZAO LONG បានលើកឡើងថា ក្រសួងការពារជាតិ ជាកម្លាំងស្នូលដ៏មុតមាំ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយគ្រប់ប្រភេទនាពេលកន្លងមក។

រាជរដ្ឋាភិបាលបានចំណាយនូវកម្លាំងសម្ភារៈ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយទាំងនេះ។ ប៉ុន្តែការកសាងប្រព័ន្ធ sensor អំពីគ្រោះអាសន្ន និងគ្រោះមហន្តរាយថ្នាក់ជាតិមួយគឺជាការងារបន្ទាន់ដែលត្រូវអនុវត្ត តាមរយៈការនាំចូលនូវបច្ចេកទេស IOT ដ៏ថ្មីបំផុត ហើយការប្រើកម្លាំងនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រដើម្បីជួយចូលរួមសម្រេចនូវយុទ្ធសាស្ត្រឈ្នះឈ្នះ និងយុទ្ធសាស្ត្រចតុកោណ ជួយជំរុញប្រទេសជាតិសម្រេចនូវគោលដៅរីក​ចម្រើនបែបទំនើបកម្មនិងអភិវឌ្ឍន៍ប្រកប ដោយល្បឿនលឿនឱ្យកាន់ឆាប់រហ័សបន្ថែមទៀតផងដែរ៕