(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង អមដំណើរដោយសមាជិក ក្រុមការងារជាច្រើនរូបទៀត នៅថ្ងៃទី២១ ខែកុម្ភៈម្សិលមិញនេះ បានអញ្ជើញបានក្នុងពីធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានានៅក្នុងវត្តចំបក់ធំ ស្ថិតនៅក្នុង ឃុំ មេ ស ថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សមិទ្ធផលដែលត្រូវបានដាក់សម្ពោធ រួមមានរបងវត្តចំនួន៩៥ប្លង់ ប្រវែង២ពាន់មែត្រ បង្គោលភ្លើង៣៥បង្គោល រោងចំអិនភត្ត បង្គន់អនាម័យ រូបសំណាកសេះ រូបតាយាយ និងសាងសង់មហាកុដិ១ខ្នង មានបណ្តោយ២១ម៉ែត្រ ទទឹង៨ម៉ែត្រ រួមនឹងសមិទ្ធផលនានាជាច្រើនទៀត អស់ថវិការចំនួន១០៣៤៨៤ដុល្លាអាមេរិក។

ថ្លែងនៅក្នុងពីធីបុណ្យឆ្លង និងសម្ពោធសមិទ្ធផលនានា នៅក្នងវត្តចំបក់ធំនាពេលនោះ លោក ម៉ឹង សំផន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជា ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋស្រុកចន្ទ្រា និងពុទ្ធបរិសទ្ធ័ចំណុះជើងវត្តទាំងអស់ ក្នុងមនោសញ្ចេតនានឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់ ពីជីវភាពរស់នៅរបស់បងប្អូន។

លោក ម៉ឹង សំផន បានសំដែងនូវការចូលរួមអបអរសាទរ ចំពោះសមិទ្ធផលថ្មី ក្នុងវិស័យព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋក្នុងឃុំ មេ ស ថ្ងក ស្រុកចន្ទ្រា ទទួលបាននាពេលនេះ គឺមិនអាចកាត់ផ្តាច់បាន ពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជា នាយករដ្ឋមន្ត្រី ដែលបានខិតខំ ដឹកនាំប្រទេសជាតិ នាំមកនូវសុខសន្តិភាព មានស្ថេរភាពនយោបាយពេញលេញទូទាំងប្រទេស ជាពិសេស សម្តេចបានខិតខំកសាង ហេដ្ឋារចនាសម្ព័នសង្គមជាតិ ឲ្យមានការរីកចំរើនលើគ្រប់ វិស័យទូទាំងប្រទេស ដើម្បីនាំមកនូវការលើកកំពស់ជីភាព រស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានបំពាក់គ្រឿងឥស្សរយយសនៃកម្ពុជា ជូនដល់សម្បុរសជននានា ដែលបានចូលរួមកសាងសមិទ្ធផល នៅក្នុងវត្ត និងបានប្រគេនបច្ច័យ ដល់ព្រះសង្ឃ ព្រមទាំងបានចែកអំណោយ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តចំបក់ធំផងដែរ៕