(កែប)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៣១៥នាក់ បានបន្តចុះសម្រាប់ការងារមនុស្សធម៌របស់ខ្លួន ដោយក្នុងនោះបានចុះអប់រំផ្សព្វផ្សាយអំពីវិធីសាស្ត្រទប់ស្កាត់ និងការការពារខ្លួនពីជំងឺកូវីដ១៩ រួមជាមួយនិងការចែកអំណោយជាសម្ភារមួយចំនួន និងការពិនិត្យព្យាបាលព្រមទាំងការចែកជូនថ្នាំពេទ្យដល់អ្នកជំងឺប្រចាំកាយដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅខេត្តកែបប្រមាណជាង៥០០នាក់។

ការបន្តចុះអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់ជំងឺកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ សហប្រធានអង្កេតប្រជាសាស្រ្ត និងសុខភាពជាមួយក្រសួងសុខាភិបាល និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលមានកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងលោក ហ៊ុន ម៉ានី ជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងមានការសហការជាមួយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លោកស្រី ទិត្យ សុខា អភិបាលក្រុងកែប មន្ទីរសុខាភិបាលខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប និងអាជ្ញាធរមូលដ្ឋានខេត្តកែបដែលពាក់ព័ន្ធ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ដល់ប្រជាពលរដ្ឋ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី សមាជិកសភា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងបានបន្តចុះពិគ្រោះជំងឺរួមមាន៖

* ទី១៖ ផ្សព្វផ្សាយអប់រំបន្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ មានបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាតប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត ចែក អាកុល ម៉ាស់ ម៉ាស៊ីនវាស់កម្តៅ សាប៊ូ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ ការរក្សាគម្លាត សុវត្ថិភាពគឺជាវិធីមួយដ៏ល្អប្រពៃ ក្នុងចំណោមវិធីល្អបំផុត មួយចំនួនដែលយើងត្រូវអនុវត្តន៍ រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ។

* ទី២៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម គ្រុនឈិះ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺតម្រងនោម អេកូ (ពិនិត្យលើផ្ទៃពោះស្ត្រីមានគភ៌)…។ល។ និងបានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន៥១៣នាក់។

សូមជម្រាបថា ក្នុងរយៈពេល៩៧ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១) មានរយៈពេល៩ឆ្នាំ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ៤,៣៦៣នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២០រាជធានីខេត្ត បានចំនួន ២៧០លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួន ៥៤១,៤១៦នាក់ (ហាសិបបួនម៉ឺនមួយពាន់បួនរយដប់ ប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៣៦៤,១៣៣នាក់(សាមសិបប្រាំមួយម៉ឺនបួនពាន់មួយរយសាមសិបបីនាក់)។

លោក លេង ផាលី បានឲ្យដឹងថា ការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។

ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្ថែមថា ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមកគឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១ បានព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប(អង្គរសង្ក្រាន្ត) ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ ដោយបានសហការជាមួយសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានីខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕