(បាត់ដំបង)៖ នៅព្រឹកថ្ងៃ ២៣ ខែ មករា ឆ្នាំ ២០២១នេះ លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកបច្ច័យរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន ១ម៉ឺនដុល្លារប្រគេនវត្តឧត្តមត្រៃសិក្ខារាម ហៅកំប្រង់ ស្ថិតក្នុងឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ។

បច្ច័យចំនួន ១ម៉ឺនដុល្លារប្រគេនព្រះចៅអធិការវត្ត ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានាដែលស្ថិតក្នុងបរិវេណវត្ត។ ទីអារាមនេះ ស្ថិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដាច់ស្រយាលពីទីប្រជុំជន ក៏ជាទីអារាមថ្មីទើបតែកកើត ដូច្នេះពុំមានការកសាងអ្វីច្រើននោះទេ ។

ព្រះចៅអធិការមានសង្ឃដីកា សូមឱ្យផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា និងវិញ្ញាណក្ខន្ធញាតិការទាំង៧សន្តានដែលបានចែក​ឋានទៅកាន់បរលោក​ទទួលយកមនុញ្ញផល និងសូមឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩កន្លងទៅ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ក៏បានចូលរួមចំណែកក្នុងការកសាងសមិទ្ធផល​ក្នុងទីអារាមនេះនូវបច្ច័យចំនួន ៥០០០ដុល្លារដើម្បីចូលរួមក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ៕