(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តបាត់ដំបង» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមជាវាគ្មិនពី តំណាងរបស់ខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត។

សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុយ រី បានបង្ហាញអំពី បញ្ហាប្រឈមជាគន្លឹះមួយចំនួនដែលត្រូវរួមគ្នាបន្តដោះស្រាយ មានជាអាទិ៍៖
*ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាមិនទាន់មានធនធានគ្រប់គ្រាន់ និងសមត្ថភាពនៅមានកម្រិត បណ្តាលឲ្យក្រុមប្រឹក្សាពុំទាន់អាចបំពេញតួនាទី បានពេញលេញជូនប្រជាពលរដ្ឋក្នុងការឆ្លើយតប និងការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា។

*ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពក្នុងការអនុវត្តមុខងារកាតព្វកិច្ចមិនទាន់បានឆ្លើយតបសមស្របតាមស្ថានភាព នៃការវិវត្តន៍របស់ជីវភាពសង្គម ដូចជាផ្តល់សេវាសាធារណៈសម្រាប់ សេវាទីក្រុង រួមមាន អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ និងសេវាជនបទ ក្នុងនោះមាន កសិកម្ម គមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ និងធនធានធម្មជាតិ។

ដោយឡែក លោក យស់ យឿន ចៅសង្កាត់រតនៈ ក្រុងបាត់ដំបង ក៏បានលើកឡើងធ្វើបទបង្ហាញក្នុងសន្និសីទសារព័ត៌មាននោះផងដែរ និងបានលើកឡើងអំពីការការផ្តល់សេវារដ្ឋបាលមួយចំនួនជូនដល់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២០កន្លងទៅ រួមមាន៖ បំពេញលិខិតរដ្ឋបាលផ្សេងជូនប្រជាពលរដ្ឋ បានចំនួន២,៧៧៧ច្បាប់, ផ្ដល់សៀវភៅគ្រួសារ (ក៤) ៧៦ក្បាល, ផ្ដល់សៀវភៅស្នាក់នៅ (ក២) ២២០ក្បាល និងផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២៣០សន្លឹក។

ចំណែក ការងារអត្រានុកូលដ្ឋាន បានចុះបញ្ជីកំណើត បានចំនួន២២៦នាក់, ចុះបញ្ជីបញ្ជាក់កំណើត បានចំនួន៣២៧នាក់, ចុះបញ្ជីមរណៈភាព បានចំនួន៨១នាក់ និងចុះបញ្ជីអាពាហ៍ពិពាហ៍ បានចំនួន១៧៥គូ៕