(ភ្នំពេញ)៖ សមាគមសភាពាណិជ្ជកម្មចិនខេត្តហ៊ូណាននៅកម្ពុជា បានផ្ដល់សម្ភារបរិក្ខារវេជ្ជសាស្ដ្រ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកស្រី យក់ សម្បត្ដិ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន រួមទាំងសមាគមសភាពាណិជ្ជកម្មចិន ខេត្តហ៊ូណាននៅកម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា។

លោកស្រីថ្លែងបន្តថា ជំនួយទាំងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សមាគមសភាពាណិជ្ជកម្មចិនខេត្តហ៊ូណាននៅកម្ពុជា ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសេក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងកំពុងបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ឲ្យបានកាន់តែឆាប់រហ័ស៕