(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅពិធីប្រកាសតែងតាំងមុខតំណែងមន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានធ្វើក្រើនរំលឹកមន្រ្តីរាជការទាំងអស់របស់សាលាខេត្តតាកែវ ត្រូវតែចងចាំអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលបានបានលើកឡើងថា «មន្រ្តីរាជការគឺជាខ្ញុំបម្រើដាច់ថ្លៃរបស់ប្រជាពលរដ្ឋ» 

អភិបាលរងខេត្តតាកែវបានថ្លែងថា សម្ដេចតេជោតែងតែរំលឹកមន្រ្តីថា «យើងមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ យើងជាខ្ញុំបម្រើដ៏ស្មោះត្រង់បំផុតរបស់ប្រជាជន»។ បើមន្រ្តីយើងធ្វើបែបនេះបាន ទើបយើងទាំងអស់គ្នា អាចក្លាយទៅជាមន្រ្តីដែលល្អ ដែលប្រជាជនផ្ដល់នូវជំនឿទុកចិត្ត។ បើពួកយើងធ្វើមិនបានទេ «យើងនឹងប្រែធាតុទៅជាមន្រ្តីដ៏អាក្រក់ ដែលប្រជាជនស្អប់ខ្ពើម។ រឿងនេះ គឺជារឿងដែលត្រូវមានការប្រុងប្រយ័ត្ន»

លោក មូល វិចិត្រ បានណែនាំដល់មន្រ្តីសាលាខេត្តទាំងអស់ ដែលទទួលបានការតម្លើងតំណែង មិនត្រូវមានឥរិយាបថពើងទ្រូងនោះទេ ភាពពើងទ្រូងណាមួយ តែងនាំទៅដល់ក្ដីវិនាសនៃមន្រ្តីទាំងនោះ។ ភាពពើងទ្រូងរបស់ មន្រ្តីចំពោះប្រជាជន ភាពខ្វះសីលធម៌ចំពោះប្រជាជន វានឹងនាំឲ្យប្រជាជនខឹងគោវាយរទេះ ស្អប់អភិបាលស្រុក អភិបាលខេត្ត មកខឹងដល់ថ្នាក់ដឹករាជរដ្ឋាភិបាលទៅវិញ។ រឿងនេះគឺជារឿងដែល ប្រមុខរាជរដ្ឋាភិបាលលោកតែងតែធ្វើការវះកាត់។

អភិបាលរងខេត្តបានបន្ថែមថា «កន្លងមកនេះមន្រ្តីរបស់យើងភាគច្រើនគឺធ្វើបានល្អហើយ ប៉ុន្តែមួយចំនួនតូចក៏ត្រូវតែខិតខំកែប្រែឥរិយាបថ គោរពម៉ោងពេលធ្វើការ ហើយត្រូវខិតខំធ្វើការនិងបំរើសេវាសាធារណៈជូន ប្រជាជនដោយសេចក្ដីស្មោះត្រង់ ហើយកន្លែងណាដែលប្រជាពលរដ្ឋជួបការលំបាកយើងត្រូវមានវត្តមាននៅទីនោះជាចាំបាច់ដើម្បីរួមគ្នាដោះស្រាយបញ្ហាជូនពួកគាត់។ នេះជាភារកិច្ចដែលយើងត្រូវធ្វើ និងមិនអាចមើលរំលងបញ្ហានេះបានទេ»