(ភ្នំពេញ)៖ នៅដើមឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩ បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើង។ បន្ទាប់ពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមបរិច្ចាកប្រាក់បៀវត្សទាំងអស់ រយៈពេល ៦ខែ ជូនទៅក្រសួងសុខាភិបាល ដោយគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ ខែកក្កដា ឆ្នាំ២០២១ ក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចមក នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏បានចូលរួមបរិច្ចាកថវិកាដែលបានសរុបចំនួន ៨០,០០០,០០០រៀល ជូនទៅក្រសួងសុខាភិបាល ក្នុងការបន្ត ការការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ការចូលរួមនេះ គឺបង្ហាញឱ្យឃើញនូវសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕