(ភ្នំពេញ)៖ សមត្ថកិច្ចកំពុងតែសម្រូលចរាចរណ៍ នៅតាមបណ្តោយផ្លូវមុខព្រះបរមរាជវាំង ជាពិសេសនៅមុខព្រះអង្គដងកើ នៅម៉ោងប្រមាណជា៦ល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ការសម្រួលចរាចរណ៍នេះ ធ្វើឡើងខណៈដែលប្រជាពលរដ្ឋរាប់រយនាក់ កំពុងតែសំរុកទៅបន់ស្រន់សុំសេចក្តីសុខ នៅព្រះអង្គដងកើ នាថ្ងៃមាឃបូជានេះ។

ចំនួនប្រជាពលរដ្ឋដ៏ច្រើនកុះករនេះ បានធ្វើឲ្យកកស្ទះចរាចរណ៍ពិបាកក្នុងការធ្វើដំណើរ តែយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចកំពុងតែសម្រួល​ចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរនៅលើដងផ្លូវ នៅមុខ ព្រះបរមរាជវាំង។

ជាការកត់សំគាល់ ការបន់ស្រន់របស់ប្រជាពលរដ្ឋនៅពេលនេះ ធ្វើឡើងចំថ្ងៃ១៥កើត ពេញបូរណ៌មី ខែមាឃ ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​​២០១៦នេះ គឺជាថ្ងៃមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ មាឃបូជា, ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់ ៕