(ស្ទឹងត្រែង)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៦នេះ  មានករណីពុលស្រា-ស ស្លាប់ម្នាក់ និងម្នាក់ទៀតត្រូវ​បានគេ​យកទៅ​សង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែបានរួចពីសេចក្តីស្លាប់ហើយ ស្ថិតនៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា១០នាក់ បាននាំគ្នាផឹកស្រា-ស ស្រាប់តែក្រោយមកក៏មានជនរងគ្រោះ២នាក់ បានពុលស្រា បណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ និងម្នាក់ផ្សេងទៀតត្រូវបានបញ្ជូនយកទៅសង្គ្រោះទាន់ពេលវេលា។ ជនរងគ្រោះដែលស្លាប់​មានឈ្មោះ សុទ្ធ ចាន់អាយុ២៧ឆ្នាំ។

ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្ទឹងត្រែង លោក  ជា ពេជ្រ បានប្រាប់ថា ជាការសន្និដ្ឋានជំហានដំបូង គឺការស្លាប់របស់ជនរងគ្រោះបណ្តាលមកពីពុលស្រា មែនតែយ៉ាងណានោះ នៅពេលនេះ​មន្រ្តីសុខា​ភិបាល និងក្រុមគ្រូពេ្យបានចុះទៅធ្វើការ​ស្រាវជ្រាវនូវករណីពុលស្រា​រហូតបណ្តាលឲ្យមានអ្នកស្លាប់​នេះ​ហើយ ៕