(ព្រះសីហនុ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើផ្លូវជាតិលេខ៤ នៅម៉ោងជាង៨យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រមុខសាលាឃុំបិត្រាំង ស្រុកព្រៃនប់ បង្កឡើងដោយរថយន្តលក្ខណៈគ្រួសារ២គ្រឿង ព្រលះគ្នាលាន់ស្នូរដូចរន្ទះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៧នាក់។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ហេតុការណ៍នេះកើតឡើងរវាងរថយន្ត Lexus RX330 ស្លាកលេខ ភ្នំពេញ 2V-8377 ពេលកំពុងបើកបរត្រង់លើផ្លូវជាតិលេខ៤ ក៏ទៅបុកប៉ះនឹងរថយន្តម៉ាក Toyota Carryboy ស្លាកលេខ ភ្នំពេញ 2F-5250 ដែលកំពុងបើកបរឡើងលើផ្លូវជាតិលេខ៤ ក្នុងទិសដៅចេញពីផ្លូវលំក្បែរនោះ ដោយរថយន្ត RX330 មានអ្នកជិះ២នាក់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែករថយន្តមួយគ្រឿងផ្សេងទៀត មានអ្នកជិះ៥នាក់ ក្នុងរងរបួសធ្ងន់២នាក់ និងរបួសស្រាល៣នាក់។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕