(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើសារអបអរសាទរ លោក Antony John Blinken ដែលត្រូវបានព្រឹទ្ធសភាអាមេសរិក បោះឆ្នោតទទួលស្គាល់ជារដ្ឋមន្ត្រីការបរទេសទី៧១ របស់សហរដ្ឋអាមេរិកជាផ្លូវការ។
តាមសារលិខិតអបអរសាទរដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង ដែលចូលរួមសម្តែងការអបអរសាទរ ចំពោះលោក ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស នៃសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកដែលមានរូបលោក ជាអ្នកទទួលបន្ទុកផ្នែកការទូត ខ្ញុំពិតជាមានទំនុកចិត្តថា ប្រជាជនអាមេរិកក៏ដូចជាសហគមន៍អន្តរជាតិ នឹងអាចរីករាយចំពោះសន្តិភាព, សន្តិសុខ, ស្ថិរភាព និងវិបុសភាពកាន់តែអស្ចារ្យ តាមរយៈការរស់ឡើងវិញ នៃពហុភាគីនិយម និងការពង្រឹងច្បាប់ ដោយយោងលើប្រព័ន្ធអន្តរជាតិ»។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា សម្រាប់ទិដ្ឋភាពនៃទំនាក់ទំនងទ្វេភាគីវិញ រយៈពេល ៧០ឆ្នាំនៃចំណងមិត្តភាព គឺជាពន្លឺកំពុងបំភ្លឺផ្លូវ ដែលបង្ហាញឱ្យឃើញថា តើយើងបានដើរជាមួយគ្នា បានឆ្ងាយកម្រិតណាហើយ បើទោះបីជាកន្លងមកធ្លាប់បានកើតមាន ទិដ្ឋភាពភាពច្របូកច្របល់នៃភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់ក៏ដោយ។ ជាមួយមេរៀនដ៏លំបាកៗ ដែលធ្លាប់បានជួបប្រទះកាលពីអតីតកាល កម្ពុជាយកចិត្តទុកដាក់ជាសំខាន់បំផុត ទៅលើការពង្រឹងស្ថិរភាព និងសន្តិភាព ព្រមទាំងការប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងន័យនេះ យើងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក និងគាំទ្រចំពោះដំណើរការកសាងជាតិរបស់កម្ពុជា ទាំងទៅលើវិធីសាស្ត្ររឹង និងទន់ភ្លន់។
ប្រមុខការទូតកម្ពុជារូបនេះ បានគូសបញ្ជាក់ថា ខណៈប្រទេសកម្ពុជា កំពុងបន្តដឹកនាំវិស័យការទូតរបស់ខ្លួន ដើម្បីលើកកម្ពស់ភាពជាដៃគូប្រកបដោយតុល្យភាព និងមិត្តភាពចម្រុះ លោកសូមបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នា និងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសកម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិកដោយផ្អែកលើ ផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក, ការគោរពគ្នាទៅវិញទៅមក និងយុត្តិធម៌។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នក ដើម្បីកសាងភាពជឿទុកចិត្តទ្វេភាគីដ៏រឹងមាំបន្ថែមទៀត ក្រោមតុល្យភាពអន្ដរជាតិ ដែលធានាបាននូវសន្តិភាពដ៏គួរឱ្យកត់សម្គាល់ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលគ្មាននរណាម្នាក់ត្រូវបានទុកចោល»។
លោក Blinken ត្រូវបានព្រឹទ្ធសភា បោះឆ្នោតទទួលស្គាល់ក្នុងសំឡេងគាំទ្រ ៧៨ ទល់នឹង២២សំឡេងជំទាស់។ លោកបានក្លាយជាប្រមុខការទូតអាមេរិក ចំពេលអាមេរិក កំពុងប្រឈមមុខនឹងវិបត្តិ រួមទាំងបញ្ហាជាច្រើន ដែលត្រូវរង់ចាំលោកដោះស្រាយ ក្នុងនោះរួមមាន COVID-19, ការកើនឡើងនៃឥទ្ធិពលចិន,នុយក្លេអ៊ែរកូរ៉េខាងជើង, អ៉ីរ៉ង់ និងការស្ដារទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ដែលប្រេះឆាខ្ទេចខ្ទាំ ក្រោមរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។
លោក Antony Blinken ត្រូវបានគេមើលឃើញថា នឹងនៅតែបន្តអនុវត្តតាមគោលនយោបាយការបរទេសមួយចំនួន របស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ទាស់ខុសគ្នាត្រង់ វិធីសាស្រ្តអនុវត្ត តែប៉ុណ្ណោះ នោះគឺលោក Blinken នឹងផ្លាស់ប្ដូរគោលនយោបាយ «America First» របស់លោក ដូណាល់ ត្រាំ ទៅជា «America Together»។ ជាក់ស្ដែង លោក Blinken ផ្ទាល់ នៅក្នុងការបង្ហាញខ្លួនចំពោះមុខសមាជិកព្រឹទ្ធសភា កាលពីសប្ដាហ៍មុនបានអះអាងថា លោកគាំទ្រចំពោះគោលនយោបាយតឹងរ៉ឹងរបស់លោក ត្រាំ ចំពោះចិន ហើយថាក៏នឹងមិនលុបចោលការសម្រេចចិត្តប្ដូរស្ថានទូតអាមេរិក ទៅកាន់ទីក្រុង ហ្សេរុយសាឡឹម នោះដែរ។
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គក៏បានព្រះរាជទានព្រះរាជសារអបអរសាទរជូនចំពោះលោក ចូ បៃដិន (Joe Biden) ដែលបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ ផងដែរ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕