(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកសង្គមថ្មី ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក គោស៊ុ ប៊ុនសឿត អនុប្រធានកិត្តិយសសាខា និងលោក សំ លាងទ្រី អនុប្រធានគណ:កម្មាធិការសាខា តំណាងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះដែរលោក សំ លាងទ្រី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប្រាក់ សុវណ្ណ ក៏ដូចជាថ្លែងនូវការកោតសរសើរលើកទឹកចិត្តចំពោះមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលបានលះបង់ធនធាន លះបង់ពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗទៀត។

ក្នុងនាមលោក ប្រាក់ សុវណ្ណ, លោកសំ លាងទ្រី បានថ្លែងផ្តាំផ្ញើដល់សមាជិក សមាជិកា អនុសាខាទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍គ្រឹះមួយចំនួន៖

* បន្តរក្សាសាមគ្គីផ្ទៃក្នុងឲ្យបានកាន់តែជិតស្នទ្ធ និងសុខដុមរមណីកម្ម។
* បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខា។
* បន្តពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា បំពេញ ការងារតាមគោលការណ៍ទាំង៧ របស់ចលនា ធ្វើសកម្មភាពដូចភ្លៀងរលឹម។
* បន្តពង្រឹង ពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា ឲ្យនៅតែជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព។
* បន្តការគាំទ្រ ពង្រឹង ពង្រីក សមាជិកភាព និងកៀរគរសប្បុរសជន។
* បន្តលើកកម្ពស់ចងក្រងឯកសារ ថែទាំសមិទ្ធផលរបស់កាកបាទ ក្រហមកម្ពុជា ដែលផ្តល់ជូនសហគមន៍។
* បន្តពង្រឹង និងលើកកម្ពស់របបរាយការណ៍ សកម្មភាព និងរបាយ ការណ៍វឌ្ឍនភាពរបស់អនុសាខា និងផ្តល់របាយការណ៍ ឲ្យបានទាន់ពេលមកសាខាអោយបានទាន់វេលា។

បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការអនុសាខា ក្រុមយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិរួចមក ក្រុមការងារបានប្រគល់លិខិតតែងតាំង និងបានថតរូបរួមគ្នាដោយភាពស្និតស្នាលទុកជាអនុស្សាវរីយ៍ផងដែរ៕