(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា ក្នុងវិបត្តិកូវីដ១៩នេះ សម្តេចនឹងមិនដាក់ប្រទេសឱ្យស្ថិតនៅក្នុងភាពអាសន្នឡើយ ទោះបីជាផ្នែកណាមួយក៏ដោយ។ សម្តេចបានចាត់ទុកថា ការធ្វើបែបនេះ នឹងអាចធ្វើឲ្យជាប់គាំងដល់សេដ្ឋកិច្ចទាំងមូល។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ប្រជាពលរដ្ឋរបស់យើង ខ្ញុំសូមប្រកាសសារជាថ្មី ខ្ញុំអត់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទាំងមូល ឬផ្នែកណាមួយទេ អត់ៗ មានច្បាប់ហើយតែអត់ដាក់ទេ ខ្ញុំធានាចំពោះមុខប្រជាពលរដ្ឋរបស់យើង»។
ខណៈដែលដែលពិភពលោក កំពុងរីករាលដាលជំងឺកូវីដ១៩ កម្ពុជាបានរៀបចំច្បាប់ថ្មីមួយស្តីពីការដាក់ប្រទេសឱ្យស្ថិតនៅក្នុងភាពមានអាសន្ន។ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលជាច្បាប់សម្រាប់កំណត់ការគ្រប់គ្រងប្រទេស នៅពេលមានគ្រោះអាសន្នផ្សេងៗ ត្រូវបានប្រមុខរដ្ឋស្តីទី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ ច្បាប់នេះជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់ រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
វិបត្តិកូវីដ១៩ នាពេលនេះ មិនបានធ្វើឱ្យពលរដ្ឋកម្ពុជាណាម្នាក់ ស្លាប់បាត់បង់ជីវិតឡើយ ខណៈដែលប្រទេសផ្សេងៗ ជាពិសេសប្រទេសអ្នកមាន នៅលោកខាងលិច ដូចជាអាមេរិក និងអឺរ៉ុបជាដើម កំពុងមានពលរដ្ឋស្លាប់ជារៀងរាល់ថ្ងៃដោយសារតែកូវីដ១៩។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះមានអ្នកជំងឺជាសះស្បើយចំនួន ៤៤៣នាក់។ កម្ពុជា ក៏ទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិចំពោះការប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។
ទោះជាយ៉ាងនេះក្តី សម្តេចបានបន្តស្នើសុំ ការចូលរួមរបស់ប្រជាពលរដ្ឋ គោរពច្បាប់ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល កន្លងមក។ សម្តេចចាត់ទុកថា ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ គឺជារឿងល្អ ដោយមិនចាំបាច់ដាក់ប្រទេសក្នុងគ្រាអាសន្ន។ សម្តេចបញ្ជាក់ថា៖ «បើដាក់ប្រទេសក្នុងគ្រាអាសន្ន សេដ្ឋកិច្ចត្រូវគាំងទាំងអស់ សេវាកម្ម អ្វីៗត្រូវគាំស្តូក ប្រទេសគេមានលទ្ធភាព គឺល្អ ប៉ុន្តែប្រទេសដែលខ្វះលទ្ធភាព គឺពិបាក»។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាល ដែលបានដាក់ចេញកន្លងមក៕