(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញលិខិតកោះហៅក្រុមថតកាឡៃរឿងទុំទាវ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ទៅបំភ្លឺពីសកម្មភាពពួកគេ។ នេះបើតាមលិខិតរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងលិខិតកោះហៅនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមអញ្ជើញ ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokina ចូលមកកាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩៖០០នាទីព្រឹក ដើម្បីចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ»។
បើតាមក្រសួងវប្បធម៌, ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ទាំងអស់ ត្រូវចូលខ្លួនទៅបំភ្លឺឲ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើជាកំហិត។ បើពុំដូច្នោះទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធានតាមផ្លូវច្បាប់ដោយការចាំបាច់។
សូមជម្រាបថា ការចេញលិខិតកោះហៅរបស់ក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីមានវីដេអូមួយឈ្មោះថា «ទុំទាវ២០២១» ដែលត្រូវបានគេដឹងថា មានការចូលរួមសម្តែង ដោយនារីលក់ផលិតផលតាមអនឡាញសាច់សខ្ចី អាជី និងអូមី និងក្រុមការងារនោះ បានរងការរិះគន់យ៉ាងចាស់ដៃ និងថ្កោលទោសពីមហាជនទូទៅ និងអ្នកលេងបណ្តាញសង្គម។ ការថ្កោលទោសនេះ ដោយមានការលើកឡើងថា ការសម្តែងរបស់ពួកគេ គឺបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ និងប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ។ ក្រុមអ្នកលេងហ្វេសបុក បានរិះគន់ថា សកម្មភាពនេះ គឺជាគំរូអាក្រក់មួយ ដល់សាធារណជន និងក្មេងៗជំនាន់ក្រោយ។
មហាជនដែលជាអ្នកលេងបណ្តាញសង្គម ពេលបានទស្សនារឿងខ្លីនេះ បានបញ្ចេញមតិជាបន្តបន្ទាប់ សំណូមពរឲ្យស្ថានប័ន ដែលមានសមត្ថកិច្ចលើរឿងនេះ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះតួអង្គទាំងនោះ ដែលមានចេតនាទុច្ចរិត ជាន់ឈ្លីតម្លៃអ្នកសិល្បៈ តម្លៃសាសនា និងតម្លៃអក្សរសិល្ប៍របស់ជាតិសាសន៍ខ្លួនឯង។
យោងតាមមាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ។ មាត្រានេះបានបញ្ញត្តិថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ)ថ្ងៃ ទៅ ៣ (បី)ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ទៅ ៥០០.០០០ (ប្រាំសែន)រៀល អំពើស្លៀកដណ្តប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្តប់នូវស្បង់ចីពរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕