(ភ្នំពេញ)៖ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ពេញមួយឆ្នាំ២០២០កន្លងទៅនេះ បញ្ហាកូវីដ-១៩ បានធ្វើឲ្យវិស័យអាកាសចរណ៍កម្ពុជា មានការធ្លាក់ចុះខ្លាំង។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាស ដែលលោក ស៊ិន ចាន់សិរីវុត្ថា អញ្ជើញចូលរួមជាភ្ញៀវកត្ដិយស ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ផលប៉ះពាល់នូវវិបត្តិជំងឺកូវីដ១៩ មកលើវិស័យអាកាសចរណ៍កម្ពុជា និងការស្ដារឡើងវិញ»

លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា រូបរាងផលប៉ះពាល់នៃកូវីដ១៩ របស់កម្ពុជា ក្នុងឆ្នាំ២០២០ លើវិស័យអាកាសចរណ៍ មានរូបសដ្ឋានអក្សរ L ដែលមានការ ធ្លាក់ចុះពីខែមករា រហូតដល់ខែមេសា ក្នុងនោះខែមេសា ធ្លាក់ចុះខ្លាំងជាងគេ រហូតដល់៩៨ភាគរយ ចំណែកខែឧសភា និងខែមិថុនា កើនឡើងតិចតួចបំផុត។

អ្នកនាំពាក្យអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា ប្រសិនបើវាស់វែងចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២០ ការងើបឡើងវិញ មានចន្លោះ២-៣ភាគរយ ប៉ុណ្ណោះ។

លោក ស៊ិន ចាន់សិរីវុត្ថា ក៏បានឲ្យដឹងផងដែរថា តាមរបាយការណ៍ពិភពលោក បានបង្ហាញថា ក្នុងឆ្នាំ២០២១ មានភាពមិនប្រាកដប្រជាច្រើន។ ជាក់ស្ដែងបើពិនិត្យមើល តាមកំណើន នៃការឆ្លងជំងឺកូវីដ១៩ លើពិភពលោក គឺថាមានកំណើនច្រើន។

លោកបានលើកឡើងថា ជាការពិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ មានពិតមែន ប៉ុន្ដែមិនបានចាក់បានគ្រប់គ្នានោះឡើយ ចំណែកឯប្រសិទ្ធិភាពនៃវ៉ាក់សាំង មិនទាន់មានការវាយតម្លៃនោះឡើយទេ។ ដូច្នេះកម្ពុជា ក៏កំពុងស្ថិតក្នុងស្ថានភាពមួយ គឺស្ថានភាពមិនប្រាកដប្រជា។

លោក ស៊ិន ចាន់សិរីវុត្ថា បានលើកឡើងទៀតថា កម្ពុជាអាចព្យាករណ៍អំពីកំណើន នៃអ្នកដំណើរបាន លុះត្រាតែដឹងច្បាស់លាស់ពី ប្រសិទ្ធិភាពនៃវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ទើបអាចព្យាការណ៍បានច្បាស់លាស់។

ក្នុងឱកាសនោះ លោក ស៊ិន ចាន់សិរីវុត្ថា ក៏បានឲ្យដឹងផងដែរថា ក្នុងកិច្ចគាំទ្រប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ អង្គការអាកាសចរស៊ីវិលអន្តជាតិ (ICAO) បានធ្វើការងារនេះ យ៉ាងជិតស្និទ្ធិ ជាមួយអង្គការសុខភាពពិភពលោក (WHO) និងភាគីពាក់ព័ន្ធក្នុងវិស័យអាកាសចរណ៍ទាំងអស់ ក្នុងកិច្ចគាំទ្រប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។

លោក ស៊ិន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា អង្គការអាកាសចរស៊ីវិលអន្តជាតិ (ICAO) ជាតួអង្គសំខាន់មួយ ក្នុងការសម្របសម្រួល ផ្តល់មតិដល់រដ្ឋជាសមាជិក និងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីបង្ការ និងគ្រប់គ្រងសុខភាពសាធារណៈចាំបាច់ នៅក្នុងវិស័យអាកាសចរស៊ីវិល។

គូសបញ្ជាក់ថា ផលប៉ះពាល់នៃកូវីដ-១៩ ដល់វិស័យអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០២០ លើអាកាសយានដ្ឋានអន្ដរជាតិទាំង៣រួមមាន៖

* អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គិតត្រឹមខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ អ្នកដំណើរតាមផ្លូវអាកាស សរុបចំនួន១,៣៣១,០៤៥នាក់ ធ្លាក់ចុះ៧៨ភាគរយ, ជើងហោះហើរ ចេញ-ចូល សរុបចំនួន១៨,៣៤៦ជើង ធ្លាក់ចុះ៦៧ភាគរយ និងសមត្ថភាពផ្ទុកទំនិញ សរុបចំនួន៥៥,១៦៦តោន ធ្លាក់ចុះ២៩ភាគរយ។

* អាកាសយានដ្ឋានអន្ដរជាតិសៀមរាប គិតត្រឹមខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ អ្នកដំណើរតាមផ្លូវអាកាស សរុបចំនួន៦១៨,៧៥៣នាក់ ធ្លាក់ចុះ៨៤ភាគរយ, ជើងហោះហើរ ចេញ-ចូល សរុបចំនួន៧,៧៥១ជើង ធ្លាក់ចុះ៨១ភាគរយ និងសមត្ថភាពផ្ទុកទំនិញ សរុបចំនួន១៦០តោន ធ្លាក់ចុះ៩១ភាគរយ។

* អាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ គិតត្រឹមខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ អ្នកដំណើរតាមផ្លូវអាកាស សរុបចំនួន២២០,៨១១នាក់ ធ្លាក់ចុះ៨៧ភាគរយ និងជើងហោះហើរ ចេញ-ចូល សរុបចំនួន៣,១៥១ជើង ធ្លាក់ចុះ៨២ភាគរយ៕