(ភ្នំពេញ)៖ កុមារីម្នាក់ដែលរស់នៅជាមួយម្តាយក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្របសម្រួលជួយឱ្យរស់នៅ និងរៀនសូត្រក្នុងអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
ការសម្របសម្រួលជួយកុមារីខាងលើ មានការយកចិត្តទុកដាក់ពី លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយលោកបានចាត់ឱ្យ លោកស្រី ឆាំ ម៉ារី អគ្គនាយិកា នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស រួមដំណើរដោ យលោក ប៊ុត ផល្លា ជាប្រធាននាយកដ្ឋានស៊ើបអង្កេត, លោក រស់ សាវី អនុប្រធាន, លោក ឣុឹម ម៉ានិត និងកញ្ញា ពៅ ខេមរី អនុប្រធាននាយកដ្ឋាន ចុះមកមណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីធ្វើការសម្របសម្រួល។
បើតាមលោក ជិន ម៉ាលីន, កុមារីម្នាក់នេះមានឈ្មោះ រ.ស.ក ហើយគិតមកដល់ពេលនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួយសម្របសម្រួលយកដល់កុមារា កុមារី ចំនួន៤នាក់ហើយ ដែលពួកគេបានរស់នៅជាមួយម្ដាយក្នុងពន្ធនាគារ ឱ្យបានមកស្នាក់នៅរៀនសូត្រនៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា»។
លោកបានបន្តថា សម្រាប់ការអន្តរាគមន៍ យកកុមារតូចឱ្យមករស់នៅ និងឱ្យសិក្សារៀនសូត្រនៅតាមមណ្ឌលកុមារកំព្រានេះ គឺត្រូវធ្វើឡើងតាមករណីនីមួយៗ ហើយជាពិសេសបន្ទាប់ពីមានការស្នើសុំ ពីអាណាព្យាបាលរបស់ពួកគេដែលកំពុងតែជាប់ឃុំឃាំង បានស្នើសុំមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីយកកូនរបស់ពួកគាត់មកចិញ្ចឹម បីបាច់ថែរក្សាឱ្យបានរៀនសូត្រ នៅតាមករណីជាក់ស្តែងនីមួយៗផងដែរ។
អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា ក្រៅពីកិច្ចអន្តរាគមន៍យកកុមារតូចៗឱ្យមកស្នាក់នៅ រៀនសូត្រនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកន្លងមក ក៏បានជួយអន្តរាគមន៍ផ្នែកច្បាប់ និងជំនួយមនុស្សធម៌ដល់ស្ត្រីដែលជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ ដោយផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងផ្តល់មេធាវីការពារក្តីជូនពួកគាត់នៅសវនការ ក្នុងករណីមិនមានមេធាវី ឬពុំមានលទ្ធភាពរកមេធាវីជាដើម។
ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្ស លោក ជិន ម៉ាលីន បានថ្លែងអំណរគុណដល់អង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដែលតែងតែសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការទទួលយកកុមាររស់នៅជាមួយម្តាយក្នុងពន្ធនាគារ មកចិញ្ចឹមបីបាច់ថែរក្សា និងរៀនសូត្រដូចកុមារផ្សេងទៀតផងដែរ។
គួរជម្រាបថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំរបស់ លោក កែវ រ៉េមី ជានិច្ចកាលតែងតែកៀរគររៃអង្គាសថវិកា ឬសម្ភារសិក្សាផ្សេងៗពីសប្បុរសជនជាតិ និងអន្តរជាតិ ដើម្បីយកទៅចែកជូនដល់កុមារកំព្រា និងកុមារក្រីក្រ នៅតាមមណ្ឌល ឬអង្គការគាំពារកុមារកំព្រានានា ក្នុងការជួយឧបត្ថម្ភដល់ពួកគេជាដើម៕