(ភ្នំពេញ)៖ ជនជាតិអ៊ុយហ្គង់ដា ម្នាក់រួមជាមួយថ្នាំញៀនទម្ងន់ជិត២គីឡូក្រាម ត្រូវបានកម្លាំងគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយនគរបាលអន្តោប្រវេសន៏ប្រចាំព្រលាន នគរបាលមន្ទីប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការឃាត់ខ្លួនបាន ខណៈរូបគេប្រុងនាំថ្នាំញៀនខាងលើឡើងយន្តហោះក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។

មន្ត្រីគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានប្រព្រឹត្តទៅនៅវេលាម៉ោង២១ និង៤៥នាទី ថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចខាងច្រកចេញដំណើរអន្តរជាតិ ។ ក្នុងនោះ ខណៈមន្ត្រីគយកំពុងពិនិត្យទៅលើកញ្ចប់ឥវ៉ាន់របស់អ្នកដំណើរ ហើយមានការសង្ស័យក៏ឆែកត្រួតពិនិត្យមើលរកឃើញម្សៅពណ៌សចំនួន២ថង់ ដែលលាក់ទុកក្នុងវ៉ាលីយួរដៃ ដូចគ្រឿងញៀន ក៏សុំកិច្ចសហការពីមន្ត្រីនគរបាលអន្តោប្រវេសន៏ប្រចាំព្រលាន មន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ដោយមានការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនម្ចាស់ឥវ៉ាន់ហើយត្រួតពិនិត្យមើល ទើបដឹងថាជាគ្រឿងញៀន។

ជនសង្ស័យជាម្ចាស់កញ្ចប់ឥវ៉ាន់ដែលត្រូវរកឃើញថា ជាគ្រឿងញៀនត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ MUGARWA.JOEL ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិ អ៊ុយហ្គង់ដា កាន់លិខិតឆ្លងដែនលេខB1322978 ត្រូវធ្វើដំណើរតាមជើងយន្តហោះលេខ(OZ.739)ចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ។ ពេលត្រួតពិនិត្យ មន្ត្រីគយបានរកឃើញម្សៅពណ៍សចំនួន ពីរថង់ ដែលដាក់លាក់ទុកក្នុងវ៉ាលីយួរដៃ មានទម្ងន់សរុប ១,៩២២.៩០ក្រាម(មួយពាន់ប្រាំបួនរយម្ភៃពីរក្បៀសកៅសិបក្រាម)ជាប្រភេទ ថ្នាំញៀនមេតំហ្វេតាមិន ហើយមន្ត្រីគយបានធ្វើការប្រគល់មនុស្សនឹងវត្ថុតាង ជូនទៅនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕