(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែង និងវឌ្ឍនភាពការងារអាទិភាព របស់ក្រសួងដូចជា៖

១៖ ការរៀបចំសេចក្តីព្រាងច្បាប់សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលគ្រោងនឹងបញ្ចប់ នាខែមេសា ឆ្នាំ២០២១ ខាងមុខ ហើយនឹងចែករំលែក ជូនស្ថានទូត ដើម្បីស្នើសុំធាតុចូលបន្ថែម
២៖ ការបណ្តុះបណ្តាលមន្ត្រីលើជំនាញសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបន្ថែមលើជំនាញសំខាន់ៗ រួមមាន៖ ការឆ្លើយតបបញ្ហាបន្ទាន់ ការទប់ស្កាត់ភាព ងាយរងប៉ះពាល់របស់សេវាអនឡាញ របស់រាជរដ្ឋាភិបាល ការវាយតម្លៃហានិភ័យលើបទដ្ឋានស្តង់ដា ការកសាងសមត្ថភាពនិងយល់ដឹង និងហត្ថាលេខាឌីជីថល
៣៖ ការត្រៀមមន្ត្រីចូលរួមកម្មវិធី Cyber Bootcamp របស់អូស្ត្រាលីនៅពេលស្ថានទូតកំណត់កាលបរិច្ឆេទច្បាស់លាស់
៤៖ ផ្សព្វផ្សាយព័ត៌មានជូនមន្ត្រីរាជការស្តីពីការប្រលងអាហារូបករណ៍ ដែលរដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជូនជារៀងរាល់ឆ្នាំ
៥៖ ជំរុញការភ្ជាប់ទំនាក់ទំនង រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាមួយសាកលវិទ្យាល័យនៅអូស្ត្រាលី ក្នុងគោលបំណង បណ្តុះបណ្តាលមន្ត្រីរាជការ ទាំងកម្រិតបច្ចេកទេសនិងកម្រិតនយោបាយ និងជំរុញការស្រាវជ្រាវ
៦៖ ស្នើសុំស្ថានទូតពិចារណាក្នុងការផ្តល់អ្នកជំនាញចំនួន២នាក់ ដល់និយ័តករទូរគមនាគមន៍កម្ពុជា និង
៧៖ ស្នើសុំការផ្សារភ្ជាប់បណ្ណាល័យឌីជីថល(e-library) របស់អូស្ត្រាលី មកបណ្ណាល័យឌីជីថលដែលក្រសួងនឹងអភិវឌ្ឍសម្រាប់អ្នកអានទូទៅ

ជាការឆ្លើយតប លោកអគ្គរដ្ឋទូតអូស្ត្រាលី បានស្វាគមន៍ចំពោះការលើកឡើង របស់លោករដ្ឋមន្ត្រី និងការដើរតួនាទីយ៉ាងសំខាន់មួយ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចឌីជីថល។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងពីកម្មវិធីភាពជាដៃគូអូស្ត្រាលី-មេគង្គ និងអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ដែលជួយដល់ការអភិវឌ្ឍធនធានមនុស្ស ពិសេសការបណ្តុះបណ្តាលវគ្គខ្លីៗ សម្រាប់មន្ត្រីរាជការ លើវិស័យអាទិភាពមួយចំនួន រួមទាំងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានផងដែរ។

ទាក់ទងនឹងនឹងកម្មវិធី Cyber Bootcamp ស្ថានទូតមានគម្រោងនឹងរៀបចំនាខែឧសភា ឆ្នាំ២០២១ និងជូនដំណឹងពីកាលបរិច្ឆេទជាក់លាក់មកក្រសួងនាពេលខាងមុខ។

លោកអគ្គរដ្ឋទូត ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការសហការជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងមានបំណងធ្វើទស្សកិច្ចទីនោះផ្ទាល់ នៅពេលខាងមុខផងដែរ។

ពាក់ព័ន្ធនឹងការប្រឹក្សាយោបល់ លើសេចក្តីព្រាងច្បាប់ និងការផ្តល់អ្នកជំនាញ ដល់និយ័តករទូរគមនាគមន៍កម្ពុជា លោកឯកអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះសំណើនេះ និងបានស្នើសុំ ការផ្តល់នូវមន្ត្រីទំនាក់ទំនង ដើម្បីធ្វើការនេះលម្អិតជាមួយគ្នា។

គូភាគីយល់ឃើញថា ការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការមានសារៈសំខាន់ និងប្តេជ្ញាបន្តការធ្វើការងារជាមួយគ្នា ដើម្បីជំរុញគំនិតខាងលើ ឲ្យក្លាយជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង៕