(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះមានអ្នកចាក់វ៉ាក់សាំងសរុបចំនួន៤៤២នាក់ ខណៈសរុបទាំង២ថ្ងៃអ្នកចាក់រួចមានចំនួន៧៨១នាក់។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ ចំនួន៦៥៧នាក់ (ស្រី២៩៣នាក់)។ អ្នកបានចាក់វ៉ាក់សាំងរួច៖ ៤៤២នាក់ (ស្រី១៦៤នាក់)។ ថ្ងៃទី១១ ខែកុម្ភៈនេះ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ២១៥នាក់ (ស្រី១២៩នាក់)។

អ្នកបានចាក់វ៉ាក់សាំងរួចនៅថ្ងៃទី១ (លើកដំបូង) មានចំនួន ៣៣៩នាក់ (ស្រី៧៥នាក់) និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់ចំនួន៨៦នាក់ (ស្រី២៩នាក់)។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន
៥៖ មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។

* សូមបញ្ជាក់ចំនួនអ្នកបានចាក់វ៉ាក់សាំង Covid-19 លើខាងលើនេះ មិនបូកបញ្ចូលខាងកងទ័ពនោះទេ សរុបតែជនស៊ីវិលតែប៉ុណ្ណោះ៕