(ភ្នំពេញ)៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺជារយៈពេលមួយឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោកមួយដោយអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក «Westerdam» ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ នាវានេះដឹកមនុស្សសរុបជាង ២,០០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន ហើយត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកមេរោគ Covid19។
ក្នុងថ្ងៃខួបមួយឆ្នាំនៃការដែលកម្ពុជាអនុញ្ញាតឱ្យអ្នកទេសចរជាច្រើនជាតិសាសន៍លើនាវា Westerdam ចូលចតនេះ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុក រំលឹកឡើងនូវសមានចិត្ត និងទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់កម្ពុជា។
ស្ថានទូតបានបញ្ជាក់ថា «មកដល់ថ្ងៃនេះ មានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីកប៉ាល់ទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពីត្រូវបានបដិសេធមិនអនុញ្ញាតចុះចតនៅប្រទេសផ្សេងៗ។ សម្រាប់ស្ថានទូតអូស្រ្តាលីនៅភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល វាបានបង្ហាញពីការចាប់ផ្តើមឆ្នាំថ្មី ដែលមិនដូចជាឆ្នាំមុនៗ»។
ស្ថានទូតក៏បានយកឱកាសនេះ ដើម្បីរំលឹកនូវវិបត្តិរបស់មនុស្សជាតិដោយសារតែមេរោគកូវីដ១៩នេះផងដែរ។ ស្ថានទូតបានរៀបរាប់ថា ចាប់តាំងពីវីរុសនេះត្រូវបានគេរកឃើញដំបូង មនុស្សជាង ២.៣១ លាននាក់ នៅទូទាំងពិភពលោក បានស្លាប់ដោយសារជំងឺកូវីដ-១៩។ មនុស្សជាង ១០៦លាននាក់ បានធ្លាក់ខ្លួនឈឺ ពួកគេភាគច្រើនកំពុងរងផលប៉ះពាល់ពីវីរុសនេះ ជាបន្តនិងក្នុងរយៈពេលវែង។ សេដ្ឋកិច្ចនៅជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ត្រូវបានខូចខាត។
«យើងចង់ប្រើឱកាសនៃថ្ងៃគម្រប់ខួប១ឆ្នាំនេះ គោរពដល់អ្នកដែលរងផលប៉ះពាល់ដោយរោគរាតត្បាតនៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ព្រមទាំងទទួលស្គាល់ការខិតខំប្រឹងប្រែង។ ជាពិសេសពីសំណាក់បុគ្គលិកក្នុងស្រុករបស់យើង ក្នុងការធានាថាជំនួយជាបន្តដល់ប្រជាជនកម្ពុជានិងជនជាតិអូស្រ្តាលីនៅកម្ពុជា នៅតែអាចធ្វើទៅបាន»។ នេះជាការបញ្ជាក់របស់ស្ថានទូត។
ស្ថានទូតបន្តថា «ក្នុងរយៈពេល ១២ខែកន្លងមក ស្ថានទូតបាននិងកំពុងធ្វើការមិនឈប់ឈរដើម្បីផ្តល់ជំនួយកុងស៊ុលដល់ប្រជាជនអូស្រ្តាលីនៅកម្ពុជា។ យើងក៏បានធ្វើការជាមួយដៃគូកម្ពុជា ក្នុងការផ្តោតការយកចិត្តទុកដាក់ជាថ្មី លើកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់យើងដើម្បីជួយដល់ការស្តារកម្ពុជាឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ តាមរយៈការផ្តល់ថវិកាជាង ៦៥ លានដុល្លារអូស្រ្តាលីរាល់ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ៣៥.៧លានដុល្លារអូស្រ្តាលី សម្រាប់ការទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពនៅកម្ពុជា»។
ស្ថានទូតបានសូមថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានទទួលស្វាគមន៍នាវា Westerdam ព្រមទាំងបដិសណ្ឋារកិច្ច ដែលបានផ្តល់ដល់ប្រជាជនអូស្ត្រាលីជាច្រើននាក់ដែលនៅលើកនាវា។ ស្ថាទូតអូស្ត្រាលី បានអះអាងថា រយៈពេលមួយឆ្នាំក្រោយមក អូស្ត្រាលី និងកម្ពុជា នៅតែស្ថិតនៅជាមួយគ្នា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែតែអនុញ្ញាតឲ្យនាវា Westerdam ចូលចតប៉ុណ្ណោះទេ នៅថ្ងៃទី១៤ ខែកុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» ដែលជាវប្បធម៌របស់មនុស្សជាតិតំបន់អឺរ៉ុបនោះ សម្តេចតេជោ បានអញ្ជើញតាមឧទ្ធម្ភាគចក្រទៅកាន់នាវា ដើម្បីទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ អមដោយផ្កាកូលាបថែមទៀតផង។
កាយវិការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យរំជួលចិត្ត រំជួលបេះដូងអ្នកដំណើរលើនាវា រហូតអ្នកខ្លះស្រក់ទឹកភ្នែកថែមទៀតផង។ ពួកគេបានកោតសរសើរមិនដាច់ពីមាត់ ចំពោះកាយវិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល។ មិនត្រឹមតែលើនាវាប៉ុណ្ណោះទេ មនុស្សជាតិលើពិភពលោកជាច្រើន សុទ្ធតែបានទទួលបាននូវទង្វើប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ហើយបានស្ញប់ស្ញែង និងកោតសរសើរមិនដាច់នោះឡើយ។
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស និង អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី សុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងប្រកាសចងចាំចំពោះកាយវិការ ប្រកបដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅមួយនេះ។
ព្រឹត្តិការណ៍នៃការអនុញ្ញាតឱ្យនាវា Westerdam ចូលចតបានធ្វើឱ្យកម្ពុជាល្បីសាយសុសលើពិភពលោកថា ជាជាតិសាសន៍មានទឹកចិត្តពោរពេញដោយមេត្តាធម៌ និងសប្បុរសធម៌យ៉ាងធំធេង៕