(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ ចំនួន ០៣ រូប ដែល​ទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹង​ការលំបាកក្នុងការងារ​ឲ្យវិលត្រឡប់មកកម្ពុជាវិញ ។

ពលការិនីទាំង០៣រូប ទីមួយ ឈ្មោះ ឈឹម ហន  អាយុ ៣១ ឆ្នាំ នៅភូមិទួលច្រេះ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានទៅធ្វើការជាអ្នក បោសសំអាតនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥  និងបានមកស្ថានទូតនៅ​ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួ​ង​ការបរទេសកម្ពុជា ចុះថ្ងៃទី២៥កុម្ភៈនេះ ដែល អង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ។

ពលការិនីទីពីរឈ្មោះ យ៉េក រ៉ន  អាយុ ២៦ ឆ្នាំ នៅភូមិត្រកួនទែក ឃុំព្រៃខ្នង ស្រុកកំពត ខេត្តកំពត បានទៅធ្វើការ តាមផ្ទះ នៅ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៥  និងបានមកស្ថានទូត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦សុំជួយ ឲ្យបានត្រឡប់មកកម្ពុជាវិញ។

ពលការិនីទីបី ឡុង គឹង  អាយុ ៣០ ឆ្នាំ នៅភូមិកាំបិត ឃុំងន ស្រុកសន្តាន់ ខេត្តកំពង់ធំ បានទៅធ្វើការតាមផ្ទះ នៅប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ពលការិនីរូបនេះ ត្រូវបានថៅកែនាំ មកស្ថានទូតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​​២០១៦ ដោយសារមានសុខភាពមិនល្អ និងមិនអាចធ្វើការបាន។ ដោយពលការិនី ឡុង គឹង  មានស្ថានភាព កំសត់ទុរគត ស្ថានទូតបាននាំ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ និងចេញថ្លៃបង់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងទិញ សំបុត្រ យន្ត​ហោះ  ឲ្យត្រឡប់មកមាតុប្រទេសវិញ។

នៅកំឡុងពេលរង់ចាំ ការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងការហូប-ចុក ជូនដល់ ពលការិនី ទាំង០៣រូបនេះ។

គួរបញ្ជាក់ថា ពលការិនីទាំង ០៣រូបខាងលើ  នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ០៧:៥០នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦៕