(ភ្នំពេញ)៖ បុរី ប៉េង ហួត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ទទួលបានពានរង្វាន់ចំនួន៥ ពីកម្មវិធី ពានរង្វាន់អចលនវត្ថុអាស៊ីប្រចាំឆ្នាំ២០១៦ (Cambodia Property Awards 2016) ដែលរៀបចំឡើងដោយក្រុមហ៊ុន Ensign Media Co. Ltd  ដើម្បីបង្ហាញការអភិវឌ្ឍន៍ លើវិស័យអចលនទ្រព្យនៅតំបន់អាស៊ី ជំរុញការយល់ដឹង និងផ្តោតបង្ហាញអំពីក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងអភិវឌ្ឃន៍ និងសេវាកម្ម ដែលមានគុណភាពកំពូល ពីបណ្តាប្រទេសអាស៊ាន និងប្រទេសចិន។

កម្មវិធីនេះ ប្រារព្ធឡើងនៅសណ្ឋាគារ សូ ហ្វីតែល ភូគីត្រា ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តី និងតំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ល្បីៗ ក៏ដូចជាអ្នកជំនាញផ្នែកអចលនវត្ថុផងដែរ។

ក្នុងចំណោមប្រភេទពានរង្វាន់ទាំង១៤បុរី ប៉េង ហួត បានឈ្នះពានរង្វាន់ចំនួន៥រួមមាន៖

១៖ ពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ»
២៖ ពានរង្វាន់ «ឌីហ្សាញស្ថាបត្យកម្មលំនៅដ្ឋានដែលល្អជាងគេ»
៣៖ ពានរង្វាន់ «អភិវឌ្ឋលំនៅដ្ឋានដែលល្អជាងគេ”
៤៖ ពានរង្វាន់ «ការអភិវឌ្ឍគម្រោងលំនៅដ្ឋានដែលល្អជាងគេ»
៥៖ ពានរង្វាន់ «ទទួលស្គាល់ពិសេសផ្នែកទំនួលខុសក្នុងសង្គម»

ភាពជោគជ័យនេះ គឺដោយសារតែបទពិសោធន៍អស់រយៈពេល១០ឆ្នាំ របស់បុរី ប៉េង ហួត ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាន ប្រកបដោយភាពទាន់សម័យ ដែលបានរួមបញ្ចូលទាំងការរចនារបថខ្មែរ និងបរទេស គួបផ្សំជាមួយ ភាពច្នៃប្រឌិត គុណភាពសំណង់ សោភណ្ឌភាព របៀបរៀបរយ សុវត្ថិភាព បរិស្ថានល្អ និងធម្មជាតិស្រស់បំព្រង មានផាសុខភាព ដែលខុសប្លែកពីបុរីដទៃទៀត និងគួរឲ្យចង់រស់នៅ ហើយស្របតាមគោលនយោបាយ ទីក្រុងស្អាតរបស់រាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពមនុស្សធម៌ ជាច្រើនក្នុងសង្គម។

រហូតមកដល់ពេលនេះ បុរីប៉េងហួតបានទទួលជោគជ័យ និងការគាំទ្រពីអតិថិជនគ្រប់ជាន់ថ្នាក់ ទៅលើគុណភាព និងសោភណ្ឌភាព។ ភាពជោគជ័យទាំងនេះ ក៏បានផ្សារភ្ជាប់ទៅនឹងទស្សនទាន របស់ថ្នាក់ដឹកនាំក្នុងការចែករំលែកភាពជោគជ័យ និងចូលរួមក្នុងការអភិវឌ្ឍន៍សង្គមមួយ ដែលប្រកបដោយសុខដុមរមនីយកម្ម។

គួររំលឹកផងដែរថាក្រុមហ៊ុន Ensign Media Co. Ltd ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ផ្នែកអចលនទ្រព្យនាំមុខគេនៅអាស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ ដែលមានទីស្នាក់ការនៅប្រទេសសឹង្ហបុរី។ កន្លងមកក្រុមហ៊ុនមួយនេះ ធ្លាប់បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ អចលនទ្រព្យតាំងពីឆ្នាំ២០០៥ ដែលក្នុងនោះរួមមាន Thailand Property Awards, South East Asia Property Awards, Philippines Property Awards, South East Asia Property Awards (Malaysia), China Property Awards. Myanmar Property Awards, Vietnam Property Awards, Indonesia Property Awards, South East Asia Property Awards (Singapore) ផងដែរ៕