(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសពីការផ្ទុះនូវការឆ្លងជំងឺកូវីដ-១៩ ជាលើកទី៣ ក្នុងសហគមន៍នៅកណ្ដាលរាជធានីភ្នំពេញ ដែលសម្ដេចហៅថាជាព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ក្រោយរយៈពេល១០ម៉ោងប៉ុណ្ណោះ រកឃើញអ្នកវិជ្ជមានរហូតដល់៣២នាក់។

ក្នុងឱកាសថ្លែងសារពិសេសបន្ទាន់នៅកាន់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ហើយនោះ បានបង្ហាញនូវក្ដីសង្ឃឹមថា ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» អាចនឹងបិទបញ្ចប់ទាំងស្រុងទៅវិញ ក្នុងរយៈពេល១ខែ ប្រសិនបើមានការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ករណីនេះជារឿងដែលគួរឲ្យសោកស្ដាយ ដែលយើងបានខិតខំ ហើយបើយើងធ្វើកិច្ចការល្អ ទាន់ពេលវេលា ខ្ញុំសង្ឃឹមថា យើងនឹងឈានទៅបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានក្នុងរយៈពេលមិនលើសពី១ខែទេ ព្រោះយើងបានគ្រប់គ្រងសភាពការណ៍មួយចំនួន ឬអាចថា អូសបន្លាយច្រើនជាងនេះបន្ដិច ដោយសារតែអាចមានចេញទៅក្រៅ»

ដោយសារតែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ផ្ទុះនៅកណ្ដាលរាជធានីភ្នំពេញ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទាំងអស់ សូមកុំឲ្យមានការរើសអើងអ្នករស់នៅរាជធានីភ្នំពេញ ហើយអ្នករស់នៅរាជធានីភ្នំពេញផ្ទាល់ បើមិនចាំបាច់សូមកុំចេញក្រៅផ្ទះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋទូទៅ ពិសេសនៅរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្ដឹងនូវក្នុងការអនុវត្តវិធានការ ៣ការពារ និង៣កុំ។ សម្ដេចបានអះអាងថា សម្ដេចមិនចេញបញ្ជានូវការបិទការរៀបការ បិទសាលារៀន ឬបិទកម្មវិធីផ្សេងៗទេ ក្នុងករណីប្រជាពលរដ្ឋអនុវត្តតាម។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា សារដំបូងនេះ គឺជាការអំពាវនាវដល់ប្រជាពលរដ្ឋ តែបើសិនប្រជាពលរដ្ឋមិនចូលរួមសហការទេនោះ សម្ដេចមិននូវសេសសល់ជម្រៅអ្វីពីនេះ ក្រៅពីការដាក់ចេញវិធានការរឹងតឹងបំផុតនោះឡើយ ព្រោះការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍កាន់តែខ្លាំងជាងនេះ។

គួរជម្រាបថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទអគារស្នាក់នៅ ក្លឹបកម្សាន្ដ និងតំបន់ចាំបាច់មួយចំនួនជាបន្ទាន់ ដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ និងពាក់ព័ន្ធ ដើម្បីយកសំណាកធ្វើតេស្ដ និងតម្រូវឲ្យធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃផងដែរ៕