(សៀមរាប)៖ បញ្ហាជំងឺកូវីដ-១៩ បានរីករាលដាលស្ទើរជុំវិញពិភពលោក និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច របស់ប្រទេសមួយចំនួន ក្នុងនោះ ក៏បានប៉ះពាល់ មកលើវិស័យសំខាន់ៗ មួយចំនួន របស់ប្រទេសកម្ពុជាផងដែរ។
ជាក់ស្ដែង ខេត្តសៀមរាប ជាប៉ូលទេសចរណ៍ ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ប៉ុន្តែក្រោយពេលរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ ខេត្តនេះ ក៏បានជួបនូវការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក ដែលធ្វើឲ្យមូលដ្ឋានអាជីវកម្ម ជាច្រើនត្រូវបិទទ្វារ និងព្យួរជាបណ្ដោះអាសន្ន។
បើតាមរបាយការណ៍ របស់ខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ ក្នុងខេត្ដសៀមរាប បានថយចុះភ្ញៀវទេសចរអន្ដរជាតិ ជាង៧៤ភាគរយ និងភ្ញៀវទេសចរជាតិ ជាង៨១ភាគរយ ដោយសារការរីករាលដាល ជំងឺកូវីដ-១៩។
របាយការណ៍ បានបញ្ជាក់ថា «ការរីករាលដាល ជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២០ បានធ្វើឲ្យភ្ញៀវទេសចរ ធ្លាក់ចុះយ៉ាងគំហុគ ដែលជះឥទ្ធិពល មកលើកម្ពុជា ដោយមានភ្ញៀវទេសចរមកទស្សនា ខេត្តសៀមរាប សរុបចំនួន១,១០៤,០៣៦នាក់ មានការថយចុះ ៧៤.០៩ភាគរយ បើប្រៀបធៀបឆ្នាំ២០១៩»។
របាយការណ៍បានបន្ថែមទៀតថា «ភ្ញៀវទេសចរអន្តរជាតិ មានចំនួនសរុប ៤០០,៨៨៩នាក់ មានការថយចុះ ៨១.៨២ភាគរយ និងភ្ញៀវទេសចរជាតិ មានចំនួនសរុប ៧០៣,១៤៧នាក់ មានការថយចុះ ៦៥.៨១ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៩»។
បើតាមប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងមួយថ្ងៃចន្លោះពី ៣០-៥០ នាក់ប៉ុណ្ណោះ ប៉ុន្តែចំពោះភ្ញៀវទេសចរជាតិវិញ គឺនៅតែមានច្រើន ពិសេសនៅតាមសហគមន៍អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នានាជាដើម។
ដើម្បីជាដំណោះស្រាយស្រោចស្រង់វិបត្តិនេះ ក្រសួងទេសចរណ៍ ក៏ដូចជាក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តសៀមរាប បានណែនាំឲ្យមន្ទីរទេសចរណ៍ខេត្ត ផ្ដោតលើការរៀបចំគោលដៅទេសចរណ៍ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ នៅតាមតំបន់សហគមន៍អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នានា។
សូមបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិតរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះ ប្រទេសកម្ពុជា ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ក្រៅពីបង្កការឆ្លងរីករាលដាល ដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះ ក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ៕