(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១០ មកដល់រសៀលនេះ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងបានជាង ២ម៉ឺននាក់។ នេះបើតាម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ដើម្បីសម្របសម្រួល ទទួល ទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកងទ័ពក្នុងកងយោធពលខេមរភូមិន្ទ និងគ្រួសារកងទ័ព បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ជាក់ស្តែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ និងបណ្តាលអង្គភាពមួយចំនួនបានអញ្ជើញទៅចាក់វ៉ាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រួមមាន៖ នាយឧត្តមសេនីយ៍ នាង ផាត, នាយឧត្តមសេនីយ៍ ស៊ុ សំណាង, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី, លោកឧត្តមសេនីយ៍ឯក ឃឹមជា សាឃឿន មេបញ្ជាការរង កងទ័ពជើងគោក ព្រមទាំងនាយទាហាន និងពលទាហានមួយចំនួនផងដែរ។
គួរជម្រាបថា ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យកេតុមាលា ហើយក៏នឹងបន្តចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀត នៅពេលខាងមុខនេះ។ មេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង និងពលទាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់មិត្តចិន ជំហានដំបូងចំនួន ៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលផ្តល់ជូនតាមសំណើក្រសួងការពារជាតិ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ចំណែក៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរលិខិតទៅកាន់ លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង ដើម្បីស្នើសុំជំនួយវ៉ាក់សាំងបន្ថែមទៀត ក្នុងនាមរាជរដ្ឋាភិបាលផងដែរ។
បន្ទាប់ពីមកដល់កម្ពុជា វ៉ាក់សាំងកូវីដ-១៩ ស៉ីណូហ្វាម ត្រូវបានចាក់ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងកងទ័ព នៅទីតាំងមួយចំនួនរួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា (សម្រាប់កងទ័ព)៕